រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានផ្ទុះចំណាប់អារម្មណ៍ទៅលើសារមួយដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Aok Bony ។ យោងតាមអត្ថន័យនៃសារដែលបានបង្ហោះកាលពីថ្ងៃទី២២ ខែមិថុនា ចេញពីគណនីហ្វេសប៊ុកមួយនេះ បានបង្ហាញថា អ្នកនាង ឱក សុគន្ធកញ្ញា តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា មិនទទួលស្គាល់ឪពុកបង្កើតរបស់ខ្លួនឡើយ ។

គណនីហ្វេសប៊ុក Aok Bony ក៏បានភ្ជាប់មកនូវរូបថត ព្រមជាមួយសារផងដែរ ដែលមានខ្លឹមសារទាំងស្រុងថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ» ការបង្ហោះសារបានបញ្ជាក់ពីការត្អូញត្អែរក្នុងនាមជាឪពុក ទៅកាន់កូនស្រី។
ជុំវិញសារពីសំណាក់ឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា នៅរសៀលថ្ងៃនេះថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) បង្ហោះសារនេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។
ឱក សុគន្ធកញ្ញា បញ្ជាក់ថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង?» ៕