ប្រទេសថៃ ៖ សមត្ថកិច្ចខេត្តស្រះកែវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនប្រមាណ២៩គីឡូក្រាម និងកាំភ្លើងខ្លី៣ដើម បម្រុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថៃមួយ ជាប់ខ្សែបន្ទាត់ព្រំដែន គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យប្រុសស្រី២នាក់ដែលសមត្ថកិច្ចខេត្តស្រះកែវ ឃាត់ខ្លួនជាមួយម៉ូតូមួយគ្រឿងនោះ បានដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក២៩ដុំ ទម្ងន់២៩.០០០ក្រាម មានតម្លៃស្មើ៣០លានបាត លាក់នៅក្នុងកាបូបចំនួន០២ ។
ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យប្រុសស្រីទាំង២នាក់បានឆ្លើយថា គ្រឿងញៀនជិត៣០គីឡូក្រាមនេះ ពួកគេបម្រុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ៕