ខេត្តព្រះសីហនុ៖ ក្រុមពលរដ្ឋលក់ដូរចល័ត តាមម៉ូតូរ៉ឺម៉ក តាមរថយន្តប្រមាណ១០០នាក់ បាននាំគ្នាមកធ្វើការតវ៉ា សុំឲ្យថ្នាក់ដឹកនាំរដ្ឋបាលក្រុង មេត្តាពិចារណាឡើងវិញ ក្រោយប្រកាសហាមឃាត់ ពួកគាត់មិនឲ្យលក់ដូរចល័តតាមទីសាធារណនោះ ។ ការតវ៉ានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២០ នេះ នៅមុខសាលាក្រុងសីហនុ។
ក្រុមអាជីវករដែលភាគច្រើនសុទ្ធសឹងជាអ្នកមកពីបណ្តាលខេត្តផ្សេងៗ បានរៀបរាប់ថា ពួកគាត់នាំគ្នា មកសាលាក្រុងនាពេលនេះ គ្មានបំណងធ្វើបាតុកម្មប្រឆាំងគោលការរបស់ថ្នាក់ដឹកនាំក្រុងព្រះសីហនុនោះទេ គឺនាំគ្នាមកនេះ គ្រាន់តែស្នើសុំឲ្យថ្នាក់ដឹកនាំក្រុង មេត្តាពិចារណាឡើងវិញ ដើម្បីឲ្យពួកគាត់បាន រកស៊ីលក់ដូរដូចដើមវិញ ពីព្រោះពួកគាត់គ្មានផ្ទះគ្មានសម្បែង ឬកន្លែងលក់ដូរពិតប្រាកដនោះទេ ទើបបាននាំគ្នាលក់ដូរចល័តតាមរទេះតាម ម៉ូតូរ៉ឺម៉ក ដូចនេះគ្រាន់ចិញ្ចឹមជីវភាពគ្រួសារប្រចាំថ្ងៃ តែបើសិនជាថ្នាក់ដឹកនាំក្រុង មិនឲ្យពួកគាត់លក់ដូរតទៅទៀតទេនោះ ពួកគាត់ច្បាស់ជាចប់ហើយ ព្រោះពួកគាត់ភាគច្រើនសុទ្ធសឹងខ្ចីលុយធនាគារ ឬចងការលុយគេ យកធ្វើដើមទុនរកស៊ីលក់ដូរចល័ត តាមម៉ូតូរ៉ឺម៉ក តាមរថយន្តបែបនេះ។
ចំណែកមន្ត្រីសាលាក្រុងព្រះសីហនុ វិញ បានបញ្ជាក់ថា រដ្ឋបាលក្រុង គ្មានគោលការដោះស្រាយរឿងនេះទេ ពីព្រោះកន្លងមកបងប្អូនប្រជាពលរដ្ឋលក់ដូរតាមរទេះ តាមរថយន្តតាមរ៉ឺម៉ក ដូចជាលក់ដូរ សំលៀកបំពាក់ បន្លែត្រីសាច់ និងភេសជ្ជៈជាដើម នៅតាមផ្លូវសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណ និងបានស្នាក់នៅលើរទេះ លើរ៉ឺម៉កលក់ដូរផ្ទាល់ និងស្នាក់នៅតាមសួនច្បារ និងតាមចិញ្ចើមផ្លូវជាដើម បង្កផលប៉ះពាល់ សណ្ដាប់ធ្នាប់ផង និងបរិស្ថានអនាម័យផង ពិសេសការបន្ទោរបង់លើទីកន្លែង ដែលមិនគួរបន្ទោរបង់។ ដូចនេះសូមបងប្អូនធ្វើការលក់ដូរតាមវិធីណា ដែល មិនបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ទីក្រុងទេសចរណ៍របស់យើង ដែលកំពុងមានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ដោយផ្លូវថ្នល់ទាំងអស់ ត្រូវបានធ្វើការពង្រីកយ៉ាងទូលាយនិងមាន រៀបចំជាសួនច្បារ និងខឿនចែកផ្លូវយ៉ាងល្អប្រណីត។
មុនអនុវត្តវិធានការនេះ ក្រុងព្រះសីហនុ បានប្រកាសថា បើបងប្អូននៅតែលក់ដូរចល័ត តាមម៉ូតូរ៉ឺម៉ក តាមរថយន្ត នៅចិញ្ចើមផ្លូវ ដងផ្លូវ ដីសាធារណៈទៀត អាជ្ញាធរនឹងចុះចាប់ម៉ូតូរ៉ឺម៉ក និងរថយន្តនោះហើយ ដោយចាប់លើកទី១ រក្សាទុកចន្លោះមួយសប្ដាហ៍ ទៅពីរសប្ដាហ៍ បើពលរដ្ឋស្រួលនិយាយគ្នា និងមានការស្ម័គ្រចិត្ត នឹងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅវិញ ។ ក្នុងករណីពលរដ្ឋរឹងរូសនឹងទុករយៈពេលពីរសប្ដាហ៍ ហើយបើចាប់លើកទី២ នឹងមិនប្រគល់ឱ្យវិញទេ ៕