ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ធនាគារ ជីប ម៉ុង បានសម្ពោធធនាគារ ជីប ម៉ុង សាខា លែនម៉ាក ២៧១ ដែលជាសាខាទី១១របស់ខ្លួន បន្ទាប់ពីដាក់ឲ្យដំណើរការនូវសាខាខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ដោយសារជំងឺរាតត្បាតកូវីដ ១៩។

ការដាក់ឲ្យដំណើរការសាខាចំនួន៤បន្តបន្ទាប់គ្នានេះត្រូវបានគណៈគ្រប់គ្រងរបស់ធនាគារ ជីប ម៉ុង អះអាងថា គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញចរន្តសេដ្ឋកិច្ចឲ្យកាន់តែសកម្ម និងជាការពង្រឹងទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគក្នុងទីក្រុងភ្នំពេញ ក៏ដូចជាក្នុងប្រទេសកម្ពុជា និងបង្ហាញពីភាពរឹងមាំនៃធនាគារ ជីប ម៉ុង។
លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកស្តីទីធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ «ការដែលធនាគារ ជីប ម៉ុង ពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះបីស្ថិតក្នុងអំឡុងវិបត្តិកូវីដក្ដី គឺដើម្បីពង្រឹងភាពស៊ាំរបស់ធនាគាររបស់យើងទល់នឹងស្ថានភាពលំបាកៗគ្រប់បែបយ៉ាងផង និងដើម្បីផ្តល់ជូនដំណោះស្រាយខាងហិរញ្ញវត្ថុ និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ អាចបត់បែនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពជូនអតិថិជនផង»។

លោកឧកញ៉ា លាង ម៉េង មានប្រសាសន៍បន្ថែមថា ធនាគារ ជីប ម៉ុង កំពុងផ្តល់សេវាកម្មធនាគារយ៉ាងសម្បូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់ ដោយរួមមានសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម ភ្នាក់ងារធនាគារ ជូនដល់អតិថិជន ដោយផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុចាំបាច់ផ្សេងៗ។

មួយវិញទៀត ធនាគារ ជីប ម៉ុង កំពុងកសាងប្រព័ន្ធធនាគារពេលលេញមួយ ដែលប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។ ធនាគារ ជីប ម៉ុង បានដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទដៃ Bank! Bank! សម្រាប់ទាំងអ្នកមានគណនី និងអ្នកគ្មានគណនីធនាគារ ក៏អាចប្រើប្រាស់បានដូចគ្នា។
ធនាគារ ជីប ម៉ុង ក៏បានបង្កើតភ្នាក់ងារធនាគារ ដែលបច្ចុប្បន្នមានភ្នាក់ងារចំនួន៥០ទីតាំងហើយ និងគ្រោងពង្រីកឲ្យបានរហូតដល់៥០០ទីតាំងក្នុងឆ្នាំនេះ៕