Flash Player គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​របស់​ក្រុមហ៊ុន Adobe ដែល​ជា​កម្មវិធី​អាច​ឱ្យ​វី​ដេ​អូ​នៅ​លើ Internet Browser ដំណើរការ​បាន និង​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​។ ពេលវេលា​ចេះ​តែ​ដើរទៅ​មុខ ស្រប​ពេល​ជាមួយ​បច្ចេកវិទ្យា​ក៏​ចេះ​តែ​វិវឌ្ឍន៍​ទៅ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ក្នុង​ការ​បង្កើត​កម្មវិធី​ថ្មី​ៗ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែ​មាន​ភាព​ងាយស្រួល ។

ដូច​គ្នា​នេះ​ដែរ ការ​ដាក់​ចេញ​ឱ្យ​ប្រើប្រាស់ HTML5 កាលពី​ឆ្នាំ ២០០៨ ដែល​មាន​បន្ថែម​មុខងារ​របស់ Adobe Flash ដោយ​មិន​ចាំបាច់​បញ្ចូល​កម្មវិធី​បន្ថែម​នោះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ជា​ពិសេស​ក្រុមហ៊ុន Apple ចាប់ផ្ដើម​ឈប់​ប្រើប្រាស់ Adobe Flash ហើយ​ងាក​មក​ប្រើ​មុខងារ​នេះ​ជាមួយ HTML5 វិញ​។

ក្រុមហ៊ុន Adobe គ្រោង​នឹង​ស្នើ​សុំ​ឱ្យ​អ្នក​ប្រើប្រាស់​លុប​កម្មវិធី Flash Player ចេញពី​កុំព្យូទ័រ​របស់​ពួក​គេ​នៅ​ដំណាច់ឆ្នាំ​នេះ ស្រប​ពេល​ដែល​កម្មវិធី​នេះ​ត្រូវ​បាន​គ្រោង​នឹង​ឈាន​ដល់ទី​បញ្ចប់​នៃ​ជីវិត (End-Of-Life) នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នេះ​ដែរ​។ តាម​ពិត​ទៅ កម្មវិធី Flash Player ត្រូវ​បាន​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​តាំងពី​អំឡុង​ឆ្នាំ​២០១៧ មក​ម្លេះ រួម​ជា​នឹង​ក្រុមហ៊ុន​ផលិត Browser ដូច​ជា Apple, Google, Microsoft និង Mozilla ដោយឡែក មាន​តែ Facebook តែ​ប៉ុណ្ណោះ​ដែល​នៅ​តែ​ត្រូវការ​ពឹងផ្អែក​ទៅ​លើ Flash Player ដើម្បី​ឱ្យ​ហ្គេ​ម​មួយ​ចំនួន​អាច​ដំណើរការ​បាន ។

មូលហេតុ​នៃ​គោលបំណង​ធ្វើ​នេះ គឺ​ដោយសារ​តែ Flash Player តែងតែ​ត្រូវ​បាន​វាយប្រហារ​ដោយ​ពួក Hacker និង​អ្នក​បង្កើត​មេរោគ Malware​។ Adobe ក៏​បានឱ្យ​ដឹង​ថា​នៅ​ពេល Flash ឈាន​ដល់​កាលបរិច្ឆេទ​បញ្ចប់ ក្រុមហ៊ុន​មិន​ត្រឹមតែ​មាន​គម្រោង​បញ្ឈប់​ការ​ផ្តល់​ជូន​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព (Update) ប៉ុណ្ណោះ​ទេ ហើយ​ពួក​គេ​ក៏​មាន​គម្រោង​នឹង​ដក​តំណ​ទាញ​យក (Download Link) Flash Player ចេញពី​គេហទំព័រ​របស់​ពួក​គេ​ផង​ដែរ ដើម្បី​ជៀសវាង​កុំឱ្យ​អ្នក​ប្រើប្រាស់​បញ្ចូល​កម្មវិធី Flash ដែល​អាច​ប្រឈម​នឹង​ការ​វាយប្រហារ​ថ្មី​ៗ​បន្ត​ទៀត ជា​ពិសេស​នៅ​ពេល​ដែល​ក្រុមហ៊ុន​បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្នភាព​នោះ​៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា