រាជធានីភ្នំពេញ ៖ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងសំនៀងផ្អែមដ៏មានប្រជាប្រិយមួយរូប បច្ចុប្បន្ន​កំពុង​រង​ការ​ចោទប្រកាន់​ដោយ​បណ្តឹង​លោកជំទាវ៣រូបដែលពាក់ព័ន្ធទៅនឹងបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និងពីបទ«​ញុះញង់​អោយ​មានការ​រើសអើ​ង​» ។

យោងតាមប្រភពពីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាង ម៉េង កែវពេជ្ជតា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ កន្លង​មក​នេះ​អ្នកនាង​បាន​សរសេរ​សារដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ «ពីដំបូងឡើយខ្ញុំឡាយនិយាយតែរឿង​របស់​ខ្ញុំទេ ស្រាប់​តែប្រពន្ធក្រោយ មួង​ ឃីម​ ចូល​មករករឿង​ខ្ញុំដោយ​និយាយ​ពាក្យ​ចោទប្រកាន់​ និងដេញអោយខ្ញុំស្បថ​ ដូច​ជា​ថា​ក្រោយការលែងលះ​ មួង​ ឃីម​ បានអោយលុយមកខ្ញុំ ៣០ម៉ឺន​ដល្លា​​រ តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង​ ហើយ​នាងនោះបានចោទសួរបន្ថែមក្នុងខមិនថា​ លុយ​១០ម៉ឺន​ដុល្លា​រ​នោះអស់ឬនៅ​ ?​ ដែលសំនួរនេះធ្វើអោយ​មានការ​ចលាចល​ និងកើតក្តីភ័ណ្ឌច្រលំមួយ​សារទៀតពីមហាជន​ ជាហេតុ​ចាំបាច់​ដែល​ខ្ញុំ​ត្រូ​វ​តែបកស្រាយ​ភ្លាមៗក្នង​ពេលនោះ​ ។

បញ្ជាក់​ :​ បើខ្ញុំបានលុយ៣០ម៉ឺនពីការលែងលះមែន​ចាំបាច់អី​ខ្ញុំត្រូវ​ក្រ​នៅ​​ផ្ទះជួល​យ៉ាងលំបាក​រហេម​រហាម​អស់ពីរ​បីឆ្នាំ​ ?​ ក្រៅពីការកេងប្រវ័ញ្ចទ្រព្យ​ ទឹកចិត្តហើយ​ ​ខ្ញុំនៅត្រួវពួកគេ​លាប​​​ពណ៌​អស់១០ឆ្នាំ​តាមរយៈ​សម្លេងឈ្លោះគ្នា​ដែលគេរៀបចំអោយតែឮសម្លេងខ្ញុំជាងគេ​ និងចោទថាខ្ញុំ​ជេប្តី​ ជេ​ម្តាយ​​​ក្មេក​ ចោទ​ខ្ញុំថាត្រូវប្តីលែងដោយសារខ្ញុំមាន​ប្រុស​ ។ ល។ ដែលផ្ទុយទៅវិញខ្ញុំជាអ្នកលែងគេមុន​ក៏ព្រោះ​តែ​ប្តី​មានស្រី​ខាងក្រៅ​ផង​ យកស្រីបម្រើក្នុងផ្ទះ​ផង លេងល្បែង​ជំពាក់​គេ​ផង​ និងប្រើអំពើហិង្សា​មកលើខ្ញុំដែលធ្វើអោយ​ខ្ញុំមិន​អាច​ទ្រាំបាន​ទើបលែងគាត់ ។

ស្រាប់តែ​នាង​ប្រធាន​សមាគម​សិល្បៈ ចន ចាន់លក្ខិណា មិនដឹង​កើត​ទុក្ខមិន​សុខ​ចិត្ត​រឿង​​អីក៏​ចេញ​មករើសដាក់ខ្លួន​បង្ហោះ​សារ​ត្អូញ​ត្អែរ​ហើយ​នាំ​អោយ​បក្សពួកជេរបញ្ចោរខ្ញុំព្រោងព្រាត​ បន្ទាប់​មកនាង​នេះ​ក៏បានទៅលូន​ក្រាបលោក​ជំទាវ​​​ ពុំ ​​អោយមកសំពងខ្ញុំ​ និងដោយទាំងមីង​ ហង្ស បូរី​ ព្រមទាំង​បក្ស​ពួក​គាត់ផង​ដែរ​ចូល​មកជួយជេរជួយថែម​ល្បោយ​យ៉ាងឆ្ងាញ់មាត់ ។

បន្ទាប់​មក​មនុស្សម្នាក់រហស្សនាម រាជបុត្រ​អាសូរ្យ​កាយ ដែល​គ្រប់គ្នាស្គាល់ថា ពូកែជេរបញ្ចោររដ្ឋាភិបាលកម្ពុជា​ ជេរ​ថ្នាក់ដឹកនាំ​ និងធ្លាប់បានកាត់តសម្តីខ្ញុំកាល​យុទ្ធនា​ការ​បោះឆ្នោត ២០១៨​ ធ្វើអោយគេជេរខ្ញុំទាំងយល់ច្រលំនោះ​ គឺត្រូវមីង បូរី​ និងនាង​ប្រធាន​សមាគម​សិល្បៈ​ត្រូវរ៉ូវគ្នា​ល្អូក​​ល្អឺន​​ហើយ​អោយ​បុគ្គល​ជំនាញ​ជេរនេះ​មក​ប្រឌិត​រឿង​អង្គុយ​​ឡាយជេរបញ្ចោរ​ខ្ញុំយ៉ាងសាហាវ​អស់ជា​ច្រើនថ្ងៃ​តាម​​ចិត្តវានឹកឃើញ​ ។ ស្រាប់តែចុងក្រោយនេះ ពួកគេនាំគ្នា​ដាក់​​ពាក្យប្តឹងខ្ញុំទៅវិញ​ ? ។

សូមបងប្អូនជួយពិចារណាទៅមើលថា តើចំនុចណាដែលខ្ញុំត្រូវគេប្តឹង​ ? តើនេះជាការបិទសិទ្ធមិនអោយ​ខ្ញុំនិយាយ​ការពិត​ដែល មួង​ ឃីម ធ្វើបាប​ផ្លូវកាយ​ ផ្លូវចិត្ត​​ និងបានកេងប្រវ័ញ្ច​​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ ? ចំណែកអ្នកផ្សេងដែលមិន​ពាក់​ព័ន្ធ​ដូចជា​ អ្នកមីង ពុំ​ យាយបូរី​ និងនាងប្រធានសមាគម​សិល្បៈ​ ដែល​ពួក​គេ​​ព្រួតគ្នា​ប្តឹង​ខ្ញុំច្រើន​យ៉ាងនេះ​គឺជាការ​គំរាម​ និងចង់កាច់បំបាក់ខ្ញុំ​ ត្រកូលសិល្បៈខ្ញុំ​មែនទេ​ ? 

នេះជាការចង់ប្រាប់ថា​ បើខ្ញុំនៅតែនិយាយទៀត​ គេនឹង​ប្តឹង​ផ្តល់​អញ្ចឹង​ តើមែនទេ​ ? បើគ្រាន់តែខ្ញុំនិយាយ​ដើម្បីយក​ភាព​ស្អាត​ស្អំអោយខ្លួនឯង​ និងកូនៗខ្ញុំសោះ​ ក៏ត្រូវគេប្តឹងដែរ​ ?​ ចុះដែលពួកគេជេរខ្ញុំដាច់សាច់រាប់មិនអស់នោះ​ មិនខុស​ទេ​ឬយ៉ាងម៉េច​ ? អយុត្តិធម៌ពេកហើយ​ ? ? ! ! ! ទាំងនេះជារូបថតអីវ៉ាន់ដែលខ្ញុំទទួលបាន​ ក្រោយលែងលះ​ គឺមានតែខោអាវ​ ទូរកញ្ចាស់ៗ​ និងត្រូវរលួយអស់មួយ​កំណាត់​ទូរពេលផ្ទះលិចទឹក​ ហើយនឹង​ស្ថាន​ភាព​ផ្ទះ​ដែល​ខ្ញុំជួល​នៅ »។

សូមបញ្ជាក់ផងដែរថា តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានលោកជំទាវ រស់ សោ​ភ័​ណ្ឌ ដែលជាភរិយា​ក្រោយរបស់​លោក មួ​ង ឃី​ម ​បានដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​​តុលាការ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ​២០២០ ប្តឹងអ្នកនាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ពី​បទ ៖«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ ១០០ រៀល តែ​ស្នើ​ឲ្យអ្នកនាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ធ្វើការ «​សុំ​ទោស​ជា​សាធារណៈ​» ។

ចំណែក​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹង​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្តឹង​តារាចម្រៀង​រូប​នេះ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​ពីបទ «​ញុះ​ញង់​​អោយ​មានការ​រើសអើ​ង​» និង​បាន​សំណូមពរឲ្យ​តុលាការផ្តន្ទាទោស​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បក្ខពួក​ទៅ​តាម​ច្បាប់ និង​សុំ​ទាមទារ​សំណង​​ជំងឺ​ចិត្ត​តាម​ច្បាប់​កំណត់ ។ រីឯលោក​ជំទាវ ហង្ស បូ​រី បានដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ​កាលពី​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ​២០២០ ប្តឹង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ពី​បទ៖«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ៕