ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថៃ្ង​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​នៅ​សាល​ប្រជុំ VIP សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី ការ​ពិនិត្យ​វត្ថុ​តាង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប់​បាន​នា​ពេល​កន្លង​មកនេះ ។

កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ដកំពង់ស្ពឺ ជា​ប្រធាន​លេខាធិការដ្ឋាន អនុ​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខេត្ត លោក ហង់ ស៊ី​ថា ប្រធាន សាលាដំបូង​ខេត្តកំពង់ស្ពឺ លោកស្រី ចាត​សូ រស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ លោក​ឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុ​ច ស្នងការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ លោក​វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការ​រង នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ អស់លោក លោកស្រី​ជាម​ន្ដ្រី នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែ​មានការ​ងឿងឆ្ងល់ និង​សួរ​ថា សមត្ថកិច្ច​ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន រួច​វត្ថុ​តាង​បញ្ជូន​ទៅ​ណា? យក​ទៅ​ណា? តើ​ពេល​ណា​គេ​ធ្វើ​ពិធី​កម្ទេច​ចោល ?

ជាក់ស្ដែង នា​ព្រឹក​ថៃ្ង​សុក្រ​នេះ សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ដំណើរការ​កិច្ចប្រជុំ​ដើ​ម្ប​រៀបចំ​បើក​កញ្ចប់​វត្ថុ​តាង​ទាំងនោះ ដើម្បី​បញ្ជូន​ទៅ​គណកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​រៀបចំ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ពេល​សម ស្រប​ណាមួយ ។ ជា​ទូទៅ​ក្នុង​រយៈពេល​កន្លង​មក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ដុត​កម្ទេច​គ្រឿងញៀន នៅ​សាល​មហោស្រព ម​ជ្ឍ​មណ្ឌល​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ដ​ផ្សេង​ៗ​ទៀត ។

ថ្នាំ​ញៀន​មួយ​ចំនួន​ត្រូវ​បាន​ក្រម​ជនសង្ស័យ​ធ្វើការ​ចែកចាយ ជួញដូរ​ជា​លក្ខណៈ​តូចតាច​នៅ​ស្ទើ​គ្រប់​ច្រកល្ហក​នៃ​តំបន់​មួយ​ក្នុងភូមិ​សាស្ដ្រ​ខេត្ដ និង​បាន​ធើ្វ​ជា​លក្ខណៈ​លួចលាក់ និង​មានការ​អូស​ទាញ​អោយ​ជន​រង​គ្រោះ​សាកល្បង​ប្រើប្រាស់ និង​ឈាន​ទៅ​ដល់​ការ​ញៀន​រហូត​ក្លាយជា​ជនល្មើស​ជា​អ្នកចម្លង​ភារកិច្ច​បន្ដ​ពីរ​ខ្លួន ៕