សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងតំបន់)ថា លុបចោលការផ្សព្វផ្សាយពាណិជ្ជកម្មមួយ លើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសារបំពានគោលការណ៍ «ញុះញង់ឱ្យមានការស្អប់ខ្ពើម» នេះបើយោងតាមកាសែតរ៉យទ័រនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ។
ការផ្សាយពាណិជ្ជកម្ម (Ad) បានបង្ហាញ រាងត្រីកោណបញ្ច្រាសពណ៌ក្រហម ដែលជានិមិត្តរូបរបស់ពួកទាហានអាល្លឺម៉ង់ណាហ្ស៊ី ប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកទោសនយោបាយ ។ Ad នេះវារំលោភលើគោលការណ៍របស់ក្រុមហ៊ុន Facebook ។ គោលការណ៍ របស់ហ្វេសប៊ុក គឺហាមឃាត់ការប្រើប្រាស់និមិត្តរូប ឬនិមិត្តសញ្ញា នៃក្រុមរើសអើងពូជសាសន៍ ក៏ដូចជាមនោគមន៍វិជ្ជា បង្កការស្អប់ខ្ពើម និងការរើសពូជសាសន៍ លើកលែងតែនៅក្នុងករណីថ្កោលទោស និងជជែកពិភាក្សាពីវាតែប៉ុណ្ណោះ ។
បើតាមក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ពួកគេប្រើប្រាស់និមិត្តសញ្ញា(រាងត្រីកោណបញ្ច្រាសពណ៌ក្រហម)នេះ គឺមានគោលដៅទៅលើក្រុមឆ្វេងនិយមជ្រុល អាន់ទីហ្វា (antifa) ដែលប្រើប្រាស់និមិត្តសញ្ញានេះតែប៉ុណ្ណោះ ៕