ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បាន​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​៣​ឆ្នាំ​បាន​សម្រេច​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ការដ្ឋាន​ទី​២ ក្នុង​ក្រុមហ៊ុន ហ័​ង អញ់​យ៉ា​ឡាយ (​វៀតណាម​) ស្ថិត​នៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

លោក​វរសេនីយ៍ត្រី រស់ វ​ណ្ណា មេ​បញ្ជា​អាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨​មិថុនា​នេះ ថា ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ រាសី (​ហៅ បារាំង​)​ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែ មុខរបរ​កម្មករ​ចម្ការ​ចេក​នៅ​ក្រុមហ៊ុន​ខាងលើ មាន​ទីលំនៅ​បណ្តោះអាសន្ន ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឡ​.​វ​.​ហ ភេទ​ស្រី អាយុ​៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រះ​នង្គ័ល ឃុំ​ព្រះ​នង្គ័ល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ ក្មេង​ស្រី​រង​គ្រោះ​បាន​ស្នាក់​នៅ​ជាមួយ​ម្តាយ​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ហ័​ង​អញ់​យ៉ា​ឡាយ​នេះ​ដែរ ។

លោក​វរសេនីយ៍ត្រី​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ភ្លាម កម្លាំង​អាវុធហត្ថ​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕