ឥណ្ឌា៖ អាជ្ញាធរចិន បានដោះលែងទាហានឥណ្ឌា ១០នាក់់ ដែលខ្លួនចាប់បាន ក្នុងពេលផ្ទុះអាវុធដាក់គ្នា ដែលបណ្ដាលឱ្យទាហានឥណ្ឌាយ៉ាងហោច ២០នាក់បានស្លាប់ នៅឯតំបន់ជួរភ្នំហិម៉ាល័យជាព្រំដែនរវាងប្រទេសទាំង២នោះវិញហើយ។

នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារព័ត៌មានឥណ្ឌា Press Trust of India បានឲ្យដឹងថា ទាហានឥណ្ឌា១០នាក់ដែលចិនចាប់បាន ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយ រវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា ដើម្បីបន្ធូរបន្ថយភាពតានតឹងជាបន្តបន្ទាប់ ។

ប៉ុន្តែ រដ្ឋាភិបាលទីក្រុងញូដេលី មិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ហើយខាងកងទ័ពឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍មួយថា គ្មានទាហានឥណ្ឌាណាម្នាក់បាត់ខ្លួន នៅក្នុងជម្លោះជាមួយចិននៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនោះឡើយ។

ក្រោយមានជម្លោះជាមួយចិន នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាននោះ ភាគីឥណ្ឌា បានប្រកាសថា យ៉ាងហោច ក៍ទាហានរបស់ខ្លួន២០នាក់បានស្លាប់ និង១៨នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកឯចិនវិញក៏បានទទួលស្គាល់ថា កងទ័ពរបស់ខ្លួនមានអ្នកស្លាប់ និងរបួសផងផងដែរ ប៉ុន្តែមិនបានបញ្ចេញតួលេខលម្អិតឡើយ៕