រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មិថុនា​ថា សកម្មភាព​កងកម្លាំង​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្តន៍ ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​រថយន្ត​ដែល​បំពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ (​ខ​.​ម​) ក្លែងក្លាយ ជា​ពិសេស​ឡាន​ដឹក​ដី​តែ​ម្ដង​មិនដឹង​គេ​អាង​អី​បាន​ហ៊ាន​ប្រើ​ផ្លា​ក​លេខ ខ​.​ម មក​រកស៊ី​ឯកជន​ខ្លួនឯង​ទៅ​វិញ​ហើយ​ឡាន​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខ្លះ ពាក់​ផ្លា​ក​លេខ​សេះ​ហោះ (​ក្លែងក្លាយ​) ទៀត ។ រថយន្ត​ប្រភេទ​នេះ​ត្រូវ​តែ​ចាត់វិធានការ​ជា​បន្ទាន់​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​រាជធានី ។

មន្ត្រី​ដដែល​បាន​បន្ត​ថា កម្លាំង​ក្នុង​ទីបញ្ជាការ​ក៏​ដូច​ជា​កម្លាំង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពល​ទាហាន ជា​ប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។

ក្រៅពី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​.​ម ក្លែងក្លាយ​មក សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រៀម​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់​ៗ ក្នុង​រាជធានី​ភ្នំពេញ ៕