រាជធានីភ្នំពេញ ៖ ជំងឺពពែភ្នែក ឬពពែឆ្កែ គឺជារោគឆ្លងមួយនៃក្រពេញខ្លាញ់ដែលស្ថិតក្នុងត្របកភ្នែក។ ជាទូទៅជំងឺនេះនឹងបាត់ទៅវិញ ឬជាសះស្បើយឯកឯងក្នុងកំឡុងពេលមិនយូរជាង១ ឬ ២សប្តាហ៍ឡើយ។ តែយ៉ាងណា មានវិធីព្យាបាលបែបធម្មជាតិ ដែលជួយឲ្យជំងឺនេះកាន់តែឆាប់ជាសះស្បើយ និងជួយកាត់បន្ថយការឈឺចាប់បានផងដែរ។

១- ស្អំកម្ដៅ ៖ ការស្អំកម្ដៅលើពពែភ្នែក ឬពពែឆ្កែ ជួយបង្កើនល្បឿននៃការធ្លាយបែក និងការហូរខ្ទុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ ហើយពូតឲ្យស្ងួតសិនសឹមដាក់ស្អំលើត្របកភ្នែក។ ទុកចោលសម្រាប់រយៈពេល ៥នាទី ឬរហូតដល់អស់ក្ដៅ សឹមដកចេញ។ ព្យាយាមធ្វើស្អំឲ្យបានពី ៣ ទៅ ៤ ដង ជាប្រចាំរហូតដល់ខ្ទុះធ្លាយ។
២- តែបៃតង៖ ការប្រើប្រាស់តែបៃតងព្យាបាលជំងឺពពែភ្នែក ឬពពែឆ្កែ គឺដូចនឹងការស្អំកម្ដៅដែរ។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺតែបៃតងជួយកាត់បន្ថយការហើម និងឈឺចាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែនៅក្នុងទឹកក្ដៅឧណ្ហ បន្ទាប់មកជ្រលក់ក្រណាត់ស្អាតចូល ហើយពូតឲ្យស្ងួតទឹកខ្លះសិន សឹមដាក់ស្អំលើត្របកភ្នែកសម្រាប់រយៈពេល ៥នាទី។ អនុវត្តន៍សារឡើងវិញឲ្យបានច្រើនដងរាល់ថ្ងៃ រហូតដល់ខ្ទុះចេញអស់។
៣- រមៀត៖ រមៀតមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ ដូច្នេះហើយទើបការប្រើប្រាស់វាដើម្បីជូតលាងសម្អាតត្របកភ្នែកដែលទទួលរងផលប៉ះពាល់អាចជួយឲ្យឆាប់ជាសះស្បើយបាន។ អ្វីដែលអ្នកត្រូវធ្វើ គឺដាំទឹក ២ ពែងក្នុងឆ្នាំង រួចបន្ថែមរមៀត ១ ស្លាបព្រាបាយចួល។ ទុកឲ្យចុះត្រជាក់បន្តិចសិន សឹមយកស្បៃក្រណាត់ស្អាតមកច្រោះ ហើយប្រើប្រាស់ទឹករមៀតកម្ចាត់មេរោគលើត្របកភ្នែក។ អ្នកក៏គួរទទួលទានអាហារលាយជាមួយរមៀតផងដែរ ដើម្បីឲ្យឆាប់ជាពីខាងក្នុង។
៤- ប្រទាលកន្ទុយក្រពើ៖ អ្វីដែលអ្នកត្រូវធ្វើ គឺយកសាច់ប្រទាលកន្ទុយក្រពើបិតលើពពែឆ្កែ និងទុកចោលសម្រាប់រយៈពេល ២០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ សាច់ប្រទាលកន្ទុយក្រពើជួយសម្លាប់បាក់តេរី ការពារការឆ្លងមេរោគ កាត់បន្ថយការរលាក និងជួយឲ្យឆាប់ជាសះស្បើយ។
៥- ស្លឹកត្របែក៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាងស្លឹកត្របែកមួយស្លឹកឲ្យស្អាត។ បន្ទាប់មកដាក់វារុំក្នុងក្រណាត់ហើយជ្រលក់ចូលក្នុងទឹកក្ដៅ។ ទុកឲ្យក្រណាត់ចុះត្រជាក់បន្តិចសិន សឹមដាក់ស្អំលើត្របកភ្នែកដែលមានពពែឆ្កែ។ អនុវត្តន៍២ដងក្នុងមួយថ្ងៃជាប្រចាំ រហូតដល់ជា៕ ( ប្រភពពី Health.com.kh )