រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចុះ​ចេញពីផ្ទះ​ចោល​ប្រពន្ធ​កូន​អស់​រយៈ​២​ខែរ​ត់ទៅ​រួមរស់​ជាមួយ​ស្រី​កំណាន់​ថ្មី​ក្នុង​បន្ទប់​ជួល​យ៉ាង​មាន​ក្តី​សុខ ស្រាប់តែ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់​ឃើញ​ផ្ទាល់​ភ្នែក​រួច​ក៏​បាន​ចង​ទ្វារ​ពី​ខាងក្រៅ​ជាប់​ឈ្លោះ​គ្នា​បែកផ្សែង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​បន្ទប់​ជួល​លេង​១៥ ជាន់​ទី​១ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​មានឈ្មោះ យាំ រ៉ុ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្តឈ្នួល ទើប​ទៅ​ស្នាក់​នៅ​ចំណុច​ខាងលើ​បាន​ជាង​២​ខែ​ប៉ុណ្ណោះ និង​មានស្រុក​កំណើត​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​ជ្រៃ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង រីឯ​ប្រពន្ធដើម​ឈ្មោះ ប​.​ច​.​ន អាយុ​៣៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ចុង​ព្រៃ ឃុំ​ជ្រៃ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​ភាគី​ខាង​ស្រី​ថ្មី​មានឈ្មោះ ស​.​ណ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​អូរ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​ប្រពន្ធដើម​បាន​ឲ្យ​ដឹង​ថា គាត់ និង​ប្តី​បាន​រៀប​ការ​កសាង​គ្រួសារ​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ និង​មានកូន​ចំនួន​២​នាក់ ប្រុស​អាយុ​១១​ឆ្នាំ និង​ស្រី​អាយុ​៦​ឆ្នាំ ហើយ​ជាង​១០​ឆ្នាំ​មកនេះ​ជីវិត​គ្រួសារ​របស់​គាត់​គឺ​មាន​ក្តី​សុខ​ណាស់ ទើបតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ជីវិត​គ្រួសារ​ចេះ​តែ​រង្គោះរង្គើ ប្រេះស្រាំ រហូត​ដល់​ថ្នាក់​ប្តី​របស់​គាត់​ចុះ​ចេញពីផ្ទះ​ជាង​២​ខែ​មក​ហើយ​ទោះជា​ចង់​និយាយ​គ្នា​រឿង​លែងលះ​ក៏​មិន​អាច​ដាច់ស្រេច​ដែរ ។

ប្រពន្ធ​បាន​បន្ត​ទៀត​ថា មូលហេតុ​ក៏​ព្រោះតែ​ប្តី​មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ​ទាល់តែ​សោះ បែរជា​ទៅ​សម្ងំ​លាក់ខ្លួន​សោយសុខ​ផ្តើម​ស្នេហា​ជាមួយ​នារី​កម្មការិនី​រោងចក្រ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅ​វិញ ហើយ​ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ រូប​គាត់​តាម​រក​ឃើញ​ក៏​ប្តឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។

ចំណែក​ឯខាង​ប្តី​វិញ​បាន​ឲ្យ​ដឹង​ថា ដោយសារ​ក្នុង​គ្រួសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា និង​លែងលះ​មិន​ដាច់ស្រេច ក្នុង​រយៈពេល​ជាង​២​ខែ​មកនេះ​ទើប​ខ្លួន​ស្រេច​ចិត្ត​ទៅ​រស់នៅ​ភ្នំពេញ​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ក្រោយ​តែ​ម្តង ។ ដោយឡែក​ភាគី​ខាង​ស្រី​ថ្មី​វិញ​បាន​និយាយ​ថា រូបគេ​ជា​ស្ត្រី​មេម៉ាយ​ហើយ​ស្គាល់​បុរស​នេះ​តាម​រយៈ​ទូរស័ព្ទ​ដែល​គាត់​អះអាង​ថា ជា​ពោះម៉ាយ​ដែរ​ទើប​ខ្លួន​ហ៊ាន​ទទួល​ដាក់ចិត្ត​ដាក់​កាយ​ស្នេហា​ជាមួយ​ទៅ ។

លោក ថេ​ង កុសល មេ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​៣​ក្រោយ​ពី​បាន​ទទួល​ដំណឹង​រួច​ក៏​បាន​ចុះ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ភាគី​ទាំង​៣​នាក់ ដោយ​នាំ​ទៅ​និយាយ​សម្របសម្រួល​គ្នា​នៅ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ក្រោម​ការ​សម្របសម្រួល​ពី​លោក វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​ទី​៣​រួច​មក ទីបំផុត​អ្នក​ទាំង​៣​បាន​ព្រមព្រៀង​គ្នា ដោយ​ភាគី​ប្តី និង​ស្រី​កំណាន់​ថ្មី​ព្រម​ទទួល​បំពេញ​កាតព្វកិច្ច​នូវ​អាហារកិច្ច​ចិញ្ចឹម​កូន​២​នាក់ ក្នុង​១​ខែ​ចំនួន​៣០​ម៉ឺន​រៀល ហើយ​ក៏​បាន​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​តែ​ម្តង ៕