អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយកាលពី​ថ្ងៃ​ពុធ​ថា ការ​ធ្វើតេស្ត​ថ្នាំ​ជំងឺគ្រុនចាញ់ hydroxychloroquine សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់ ! បន្ទាប់​ពី​ទិន្នន័យ និង​ការ​សិក្សា​ថ្មី បាន​បង្ហាញ​ថា គ្មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ CGTN នៅ​ថ្ងៃ​ទី​១៨ មិថុនា​នេះ ។

អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) អ្នកស្រី អាណា ម៉ា​រី​យ៉ា​ហេ​ន​ណា Ana Maria Henao បាន​និយាយ​ថា ក្រុម​ដឹកនាំ​ការ​សាកល្បង​ថ្នាំ​គ្រុនចាញ់​ ដែល​ផ្សព្វផ្សាយគាំទ្រ​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ នោះ ភស្តុ​តាង​ថ្មី​ៗពី​ការ​ធ្វើតេស្ត ​បាន​បង្ហាញ​​ថា មិន​មាន​ប្រសិទ្ធភាព​ទេ ។

អ្នកស្រី Ana Maria Henao បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​បន្ទាប់​ពី​ការ​ពិភាក្សា ពួក​គេ​បាន​សន្និដ្ឋាន​ថា ថ្នាំ hydroxychloroquine នឹង​ត្រូវ​បញ្ឈប់​ជ្រើសរើស​យក​មក​ព្យាបាល​លើ​អ្នកជំងឺ​កូ​វី​ដ​១៩ ជា​បន្ទាន់​” ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ចេញ​នៅ​ថ្ងៃ​ពុធ អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា ការ​សម្រេចចិត្ត គឺ​ផ្អែក​លើ​ភស្តុ​តាង ពី​ការ​ជំនុំជម្រះ​ជា​ក្រុម ក៏​ដូច​ជា​ទិន្នន័យ​ពី​ការ​សាកល្បង​ព្យាបាល ដែល​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស បាន​រក​ឃើញ​កាលពី​ស​ប្តា​ហ៍​មុន​ថា ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ hydroxychloroquine នេះ​មិន​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍ សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩ នោះ​ទេ ។

ទិន្នន័យ​ពី​ការ​សិក្សា​ទាំងនោះ “​បាន​បង្ហាញ​ទៀត​ថា hydroxychloroquine ក៏​មិន​អាច​កាត់​បន្ថយ​អត្រា​មរណភាព​របស់​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ បាន​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី ចំពោះ​អ្នកជំងឺ ដែល​បាន​ចាប់ផ្តើម​ប្រើ​ថ្នាំ hydroxychloroquine នេះ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​វគ្គ​ធ្វើតេស្ត​ព្យាបាល​របស់​ពួក​គេ​ទេ​នោះ បញ្ឈប់​លេប ឬ​នៅ​បន្ត​ប្រើ គឺ​អាស្រ័យ​ទៅ​តាម​ការ​សម្រេចចិត្ត​របស់​គ្រូពេទ្យ​ជំនាញ ។

ដោយឡែក រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​អា​មេ​រិ​ក FDA កាលពី​ថ្ងៃ​ចន្ទ បាន​ដកហូត​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ជា​បន្ទាន់​របស់​ខ្លួន សម្រាប់​ថ្នាំ hydroxychloroquine និង​ថ្នាំ chloroquine ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ដោយ​និយាយ​ថា វា​មិន​សម​ហេតុផល​ទៀត​ទេ ក្នុង​ការ​ជឿ​ថា ថ្នាំ​ទាំងនេះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ ដូច​អ្វី​ដែល​លោក ត្រាំ បាន​អះអាង​នោះ ៕