អ្នកដំណើរ​តាម​រថយន្តក្រុង​ប្រភេទ​គ្រែ​ដេក​ចំនួន​១១​នាក់​បាន​រួច​ចាក​ផុត​ពី​សេចក្តីស្លាប់​ដោយ​បាន​ចេញពី​រថយន្ត​ទាន់​ពេលវេលា បន្ទាប់​ពី​រថយន្តក្រុង​មួយ​នេះ​កំពុង​តែ​ធ្វើ​ដំណើរ​សុខ​ៗ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ណូ​យ​បាយ​-​ឡាវ​កាយ ក៏​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ភ្លាម​ៗ​ដោយ​មិនដឹង​មូលហេតុ ។ ហេតុការណ៍​ឆេះ​រថយន្តក្រុង​នេះ​បាន​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ស្រុកប៊ិ​ន​សៀង ខេត្ត​វិញ​ភុ​ក ប្រទេសវៀតណាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Zing ដែល​បាន​ចុះ​ផ្សាយ ។

តាម​ប្រភព​ពី​គេហ​ទំ​ពរ Zing ដែល​បាន​ចេញផ្សាយ​ពី​ករណី​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​កំពុង​តែបើ​កប​រលើ​ដងផ្លូវ​ក៏​ស្រាប់តែ​មាន​ផ្សែង​ចេញពី​ខាងក្រោយ​រថយន្ត​ត្រង់​ចំណុច​ម៉ាស៊ីន ។ ភ្លាម​ៗ​នោះ​អ្នកដំណើរ​ក៏​បាន​ស្រែក​ហើយ​នាំ​គ្នា​រត់​ចុះ​ពី​រថយន្ត ។ ប៉ុន្មាន​នាទី​ក្រោយមក​អណ្តាតភ្លើង​ក៏​បាន​គ្របដណ្តប់​រថយន្តក្រុង​ទាំងមូល ។ ភ្លាម​ៗ​ប៉ូលិស​ចរាចរណ៍​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​សហការ​ជាមួយ​មន្ត្រី​ក្នុង​តំបន់​ដើម្បី​គ្រប់គ្រង​ស្ថានភាព ។

តាម​ប្រភព​សម្តី​ប៉ូលិស​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អ្នកដំណើរ​មាន​សុវត្ថិភាព​ទាំងអស់ ប៉ុន្តែ​សម្ភារ​របស់​ពួក​គាត់​ត្រូវ​ឆេះ​ខ្ទេច​ទាំងអស់ ។ កម្លាំង​ប៉ូលិស​ក៏​បាន​សម្រួល​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ​កកស្ទះ ។ ក្រុម​ជំនាញ នៅ​ស្រុក ប៊ិ​ន​សៀង ខេត្ត​វិញ​ភុ​ក បាន​បើក​ការ​ស្រាវជ្រាវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ខាងលើ ៕