អង់គ្លេស៖ បាតុករម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពេលរថយន្តដឹកនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានជួបគ្រោះថ្នាក់ដោយសារបាតុករម្នាក់នោះបានរត់កាត់ពីមុខ បណ្តាលរថយន្តរងការខូចខាតទាំងខាងមុខនិងខាងក្រោយ តែមិនបណ្ដាលឲ្យលោកនាយករដ្ឋមន្ត្រី រងរបួសនោះទេ។

នេះបើតាម រូបភាពវីដេអូរបស់សារព័ត៌មានអង់គ្លេស Guardian បានផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។
សារព័ត៌មានអង់គ្លេស Guardian បានផ្សាយថា មុនពេលកើតហេតុ រថយន្តដឹកនាយករដ្ឋមន្ត្រីអង់គ្លេស ម៉ាកJaguar ពណ៌ទឹកប្រាក់ ដោយមានម៉ូតូប៉ូលិស និងរថយន្តអង្គរក្សម៉ាកRange Rover អមផងនោះ បានបើកចេញពីទ្វារអគាររដ្ឋសភាអង់គ្លេស ស្រាប់តែបុរសម្នាក់បានរត់ឆ្លងកាត់មុខ ភ្លាមៗនោះ រថយន្តដឹកលោកនាយករដ្ឋមន្ត្រី បានចាប់ហ្វ្រាំងប្រថុចញ៉ុចធ្វើឱ្យជ្រុលទៅបុកគូទម៉ូតូប៉ូលិសដែលនៅខាងមុខ ហើយត្រូវរថយន្ត Range Rover ដែលបើកតាមក្រោយ បុកពីក្រោយបណ្តាលឱ្យរងការខូចខាត ។

ករណីគ្រោះថ្នាក់នេះ មន្រ្តីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់ថា លោក Boris Johnson ដែលស្ថិតនៅក្នុងរថយន្តកើតហេតុនោះ មិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ ហើយបាតុករដែលរត់កាត់ពីមុខររថយន្តលោកនាយករដ្ឋមន្ត្រីនោះ ត្រូវប៉ូលិសចាប់យកទៅឃុំខ្លួនពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ និងរារាំងដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ៕