ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរគ្រឿងញៀន នៅថ្ងៃទី១៨ ខែមិថុនានេះ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណ (វៀតណាម) លេខ 351862299។
សមត្ថកិច្ច ចាប់យកសារធាតុញៀន សរុបទម្ងន់៣១,៧០៥.០៦ក្រាម រួមមាន កេតាមីនរាវ (Ketamine) ៣០០០ដប ស្មើទម្ងន់៣១,៦៥០ក្រាម, កេតាមីន (Ketamine) ទម្ងន់៤.៤៨ក្រាម, អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់៣៣.២៨ក្រាម, មេតំហ្វេតាមីន (ICE) ស្មើទម្ងន់៤.០៩ក្រាម, មេតំហ្វេតាមីន (គ្រាប់) ទម្ងន់១៣.២១ក្រាម និងរថយន្ត១គ្រឿង ទូរស័ព្ទដៃ១គ្រឿង។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនីតិវិធី៕