ខេត្ត​ព្រះ​សីហ​នុ ៖ ចាប់ពី​ពេល​នេះ​តទៅ​អាជ្ញាធរ​ក្រុងព្រះសីហនុ​លែង​អនុញ្ញាត​ឲ្យ​អ្នក​លក់ដូរ​សម្ភារៈ​ប្រើប្រាស់ ម្ហូបអាហារ បន្លែ និង​ត្រី​សាច់ ដែល​ដឹក​តាម​រទេះរុញ ម៉ូតូ ឬ​ឡាន នៅ​តាម​ដងផ្លូវ ចិញ្ចើម​ផ្លូវ និង​ទីតាំង​សាធារណៈ​នានា​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​តទៅ​ទៀត​ហើយ ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​របស់​សាលា​ក្រុងព្រះសីហនុ​ជាមួយ​ក្រុម​អាជីវករ​កាលពី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ។

យោង​តាម​ខ្លឹមសារ​នៃ​អង្គប្រជុំ​បាន​លើក​ឡើង​ថា ជា​ការ​កត់សម្គាល់​អ្នកលក់​ដូរ​ទាំង​អស់នោះ​បាន​ប្រើ​មធ្យោបាយ​ចល័ត​ដូច​ជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន ចត​លក់ដូរ​លើ​ដងផ្លូវ លើ​ចិញ្ចើម​ផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ​នានា​ជាដើម​ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ជា​ច្រើន​ដូច​ខាងក្រោម ៖

១-​បង្ក​ឲ្យ​មានការ​ស្ទះ​ចរាចរ និង​អាច​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​

២-​គ្មាន​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម​

៣-​បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង​

៤-​ការ​លក់ដូរ មិន​បាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បង្ក​ផល​ប៉ះពាល់​បរិស្ថាន​

៥-​អ្នក​លក់ដូរ​តាម​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ទាំងនេះ មិនមែន​អ្នក​រស់នៅ​ក្រុងព្រះសីហនុ ឬ ខេត្ត​ព្រះ​សីហ​នុ នោះ​ទេ​តែ​ភាគច្រើន​បំផុត​គឺ​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ

​៦-​អ្នក​លក់ដូរ​តាម​ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ភាគច្រើន បាន​ប្រាប់​ថា ពួក​គាត់​ស្នាក់​នៅ​ក្នុង​ម៉ូតូ​កង់​បី និង​ក្នុង​ឡាន​ចល័ត​របស់​ខ្លួន រីឯ​អ្នកខ្លះ បាន​ប្រាប់​ថា​ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​ដែល​ម្ចាស់​មិន​រស់នៅ បើ​ដូច្នោះ​ដី​ចិញ្ចើម​ផ្លូវ ដី​អូរ ដី​ឆ្នេរ ដី​សាធារណៈ និង​ដី​ម្ចាស់​មិន​បាន​មើលថែ​ប្រាកដជា​ក្លាយជា​មុខសញ្ញា​សម្រាប់​ពួក​គាត់​រំលោភ​សាងសង់​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​មិន​ខាន ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា សាលា​ក្រុងព្រះសីហនុ​បាន​ដាក់​ចេញ​ជា​វិធានការ​ចាប់ពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ក្រុង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត យក​ដងផ្លូវ ចិញ្ចើម​ផ្លូវ ឆ្នេរ និង​ទីតាំង​សាធារណៈ ចត​លក់ដូរ​សម្ភារៈ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី​សាច់ នៅ​ក្នុង​ក្រុងព្រះសីហនុ​តទៅ​ទៀត​នោះ​ទេ ។ ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ រដ្ឋបាល​ក្រុង​នឹង​ប្រើ​វិធានការ​រដ្ឋបាល​ចាប់​មធ្យោបាយ​ទាំងនោះ​យក​មក​រក្សា​ទុក​នៅ​សាលាក្រុង​ចាប់​លើក​ទី​១ រក្សា​ទុក​ចន្លោះ ១-២ ស​ប្តា​ហ៍ ចាប់​លើក​ទី​២​នឹង​មិន​ប្រគល់​ឲ្យ​វិញ​នោះ​ទេ ។

សាលា​ក្រុងព្រះសីហនុ​ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា រដ្ឋបាល​ក្រុងព្រះសីហនុ​មិន​ហាមឃាត់​ចំពោះ​បងប្អូន​ដែល​ចង់​ប្រកប​អាជីវកម្ម ឬ ប្រកប​មុខរបរ​នៅ​ក្នុង​ក្រុងព្រះសីហនុ​នោះ​ទេ ប៉ុន្តែ​សូម​រក​ទីតាំង​ច្បាស់លាស់ និង​ស្របច្បាប់ ដើម្បី​ប្រកប​អាជីវកម្ម មិន​អាច​យក​ដងផ្លូវ ចិញ្ចើម​ផ្លូវ ឆ្នេរ និង​ទី​សាធារណៈ​ប្រកប​អាជីវកម្ម​នោះ​ទេ ៕