រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សំនៀង​ផ្អែម​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ត្រូវ​បាន​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ធ្វើការ​ប្តឹង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​របស់​លោក​ជំទាវ​វិញ​ហើយ​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នេះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អ្នក​នាង ។

តាម​ប្រភព​ពី​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​នូវ​ខ្លឹមសារ​ថា ៖«​ក្មួយ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​មីង​ធ្វើ​បែប​នេះ អរគុណ​មីង ។ ការ​ពិត តាំងពី​ដំបូង​ខ្ញុំ​មិន​ដែល​បាន​យកឈ្មោះ​គាត់​មក​និយាយ​សូ​ម្បី​បន្តិច​ទោះបី​ដឹង​ថា គាត់​ធ្លាប់​គិត​ខុស​មក​លើ​ខ្ញុំ​ក៏​ដោយ ព្រោះ​ខ្ញុំ​នៅ​ផ្តល់​កិត្តិយស​អោយ​គាត់ និង​ពិសេស​មិន​ចង់អោយ​ឈ្មោះ​គាត់​នេះ ទៅ​ប៉ះពាល់​ដល់​ចាស់ទុំ​សាច់ញាតិ​ល្អ​ៗ​ផ្សេង​ទៀត​ដែល​លោក​មិន​ពាក់ព័ន្ធ ។ ប៉ុន្តែ​បែរជា​គាត់​លោតកញ្ឆេង​បែប​នេះ​ទៅ​វិញ ។ តើ​គាត់​សំអាង​អ្វី​មក​ប្តឹងផ្តល់ ? ត្រឹម​ហេតុផល​ប៉ុណ្ណេះ​ឬ ? តើ​សម​នឹង​ប្តឹង​ដែរ​ទេ ? សូម​មើល​សំណៅ​ដើម​របស់ខ្ញុំ ដែល​ភ្ជាប់​មក​ជាមួយ​ខាងក្រោម​នេះ​» ។

អ្នក​នាង​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «​សូម​បញ្ជាក់​ថា ខ្ញុំ​ចាប់​បាន​ភស្តុ​តាង​ដែល​យាយ ហង្ស បូ​រី​និង​នាង​ប្រធាន​សមាគម​សិល្បៈ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អា​រាជបុត្រ​អា​សូរ្យ​កាយ និង​បាន​ខ្ចីដៃ​អា​សូរ្យ​កាយ​នេះ​មក​ជេរ​បញ្ចោរ​ខ្ញុំ​យ៉ាង​កប់​ៗ​មាត់​ជំនួស​ពួក​គេ​វិញ ហើយ​គេ​ចាំ​សើច និង​ចូល​ទៅ​គាំទ្រ​យ៉ាង​ពេញចិត្ត​» ។

អ្នក​នាង​បន្ថែម​ថា ៖ «​ឈ្មោះ​រាជបុត្រ​អា​សូរ្យ​កាយ​ម្នាក់​នេះ​ធ្លាប់​បាន​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ល្អ​ៗ​ដទៃ​ទៀត​ជា​ច្រើន​យ៉ាង​អសុរ​ស​ដាច់​សាច់ គ្មាន​កន្លែង​ណា​អាច​ទទួលយក​បាន តែ​បែរជា​យាយ ហង្ស បូ​រី និង​នាង​ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ចាក់ទឹកមិនលិច​ទៅ​វិញ តើ​មិន​អោយ​ខ្ញុំ​ឆ្ងល់​ទេ​ឬ ? សូម​បងប្អូន​ពិចារណា តើ​ត្រង់​ណា​ដែល​ខ្ញុំ​ចោទ​អ្នក​មីង ស៊ី​ណាត ? តើ​ខ្ញុំ​ចោទ​គាត់​ឬ​ខ្ញុំ​សួរ ? តើ​ខ្ញុំ​ចោទ​គាត់ ឬ​គាត់​រើស​ដាក់ខ្លួន​ខ្លួនឯង ? តើ​គាត់​ធ្វើ​នេះ​ព្រោះ​ចង់​ប្រាប់​ថា គាត់​អាច​ធ្វើបាប​នរណា​ក៏​បាន ? គាត់​កំពុង​ធ្វើ​អោយ​សង្គម​ដែល​មាន​ភាព​ស្ងប់​សុខ ក្លាយទៅជា​ចលាចល​ដោយសារ​គាត់​មែន​ទេ ?​» ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថែម​ទាំង​បាន​បញ្ជាក់​ថា ៖ «​មិន​អី​ទេ​ខ្ញុំ​នឹង​ទៅ​បំភ្លឺ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ការ​ពិត​នៅ​នឹង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស​ថា ពេ​ជ្ជ​តា នឹង​ការពារ​កិត្តិយស​ខ្លួន​អោយ​បាន​ទោះ​ទៅ​ដល់​ណា ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ពេ​ជ្ជ​តា​ត្រូវ​ទទួលទោស​ដ៏​អយុត្តិធម៌​បែប​នេះ​ជា​ដាច់ខាត ! សូម​អរគុណ​សម្រាប់​ក្តី​ស្រលាញ់ និង​បារម្ភ​អំពី​បងប្អូន​ទស្សនិកជន សូម​បងប្អូន​រក្សា​ចិត្ត​សិន ខ្ញុំ​ជឿជាក់​ថា អំណាច​មិនមែន​ជា​កត្តា​ជោគជ័យ​ក្នុង​ប្រទេស​ដែល​ប្រើ​ច្បាប់​នេះ​ទេ ខ្ញុំ​ជឿ​ថា យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​ខ្ញុំ ! ! !» ៕

ចុចអាន ៖ ផ្ទុះរឿងធំហើយ ! លោក​ជំទាវ ហ៊ុន ស៊ី​ណាត សម្រេច​ដាក់​ពាក្យបណ្តឹង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា