រាជធានីភ្នំពេញ ៖ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅលើតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ។ នេះបើយោងតាមពាក្យបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

តាមប្រភពពាក្យបណ្តឹងបានឲ្យដឹងថា លោកជំទាវ ហ៊ុន ស៊ីណាត អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០០១៤១៥២(០១) ដែលមានអាសយដ្ឋានផ្ទះលេខ៧៤ ផ្លូវ៥៦៦ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹងទៅលើអ្នកនាង ម៉េ​ង កែវពេជ្ជតា អាយុ៤៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៩ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបក្សពួកគូរកនពីបទ«បរិហាកេរ្តិ៍ជាសាធារណៈ» និងករណី«ញុះញង់ឲ្យមានការរើសអើង» ។

តាមពាក្យបណ្តឹងដែលលោកជំទាវ ហ៊ុន ស៊ីណាត ជម្រាបជូនលោកព្រះរាជអាជ្ញាបានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ម៉េង កែវពេជ្ជតា ដែលបានប្រើប្រាស់ហ្វេសប៊ុក Page Meng Keo Pichenda – ពេជ្ជតា បានបង្ហោះក្នុងគណនីហ្វេសប៊ុកថា «មនុស្សចាស់អីអញ្ចឹង??? ជូយគិតមើល ! អាក្មេងនេះជាក្មេងពាលតែងតែជេរបញ្ចោរប្រមាថថ្នាក់ដឹងនាំ និងរដ្ឋាភិបាលខ្មែរកប់ៗមាត់ តែបែរជាមីងជំទាវនេះសេពគប់ជាមួយទៅវិញ តើព្រោះអ្វី? ក្បត់? ឬប្រយោជន៍អាថ៌កាំបាំងណាមួយ? ហើយក្រែងមីងជំទាវនេះជាដៃគូមីង ហ៊ុន ស៊ីណាត? តើរឿងនេះមីងជំទាវ ស៊ីណាត លោកដឹងទេ?» ។

ក្នុងសារបានបន្តថា «សូមបញ្ជាក់ ៖ មិនមែនខ្ញុំតបជាមួយពួកក្បត់នេះទេ តែខ្ញុំកំពុងប្រមូលអ្វីដែលជាការបំពានរបស់ពួកគេមកលើខ្ញុំ ដើម្បីទុកជាភស្ថុតាង ព្រោះមុននេះជំទាវ ស៊ីណាត បានសុំឲ្យខ្ញុំលើកលែងហើយឲ្យខ្ញុំឈប់និយាយ បានន័យថា គាត់ក៏មិនចង់មានរឿងដូច្នេះ បើគាត់អ្នកសុំ តែបែរជាគូរកនគាត់គឺយាយ បូរី នេះបែរជាខំស៊ែតែរឿងអាក្រក់ចោទ និងសំអុយឈ្មោះខ្ញុំមកផុសដូច្នេះ បានន័យថា គាត់បំពានសំដីជំទាវ ស៊ីណាត ។ សូមបងប្អូនជ្រាវ និងកុំបន្ទោសថា ខ្ញុំមិនព្រមចប់» ។

សូមបញ្ជាក់ផងដែរថា ក្នុងពាក្យបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត បានសុំឲ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសអ្នកនាង ម៉េង កែវពេជ្ជតា និងបក្សពួកគូរកនទៅតាមផ្លូវច្បាប់ និងសុំទាមទារសំណងជំងឺចិត្តតាមអ្វីដែលច្បាប់បានកំណត់ ៕

នៅថ្ងៃនេះ លោកជំទាវ ហ៊ុន ស៊ីណាត សំរេចដាក់បណ្តឹង តារាចំរៀងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង ដែលការដាក់ពាក្យបណ្តឹងនេះគឺបានមកដល់ដៃព្រះរាជអជ្ញានៃសាលាដំបូង រាជធានីភ្នំពេញហើយ ។