ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ តាមពិតទៅ ប្រទេសថៃ បានចូលដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារ ដោយខុសច្បាប់តាំងពីឆ្នាំ១៩៤០មកម្ល៉េះ ហើយបានដាក់បញ្ចូលប្រាសាទព្រះវិហារនេះទៅក្នុងបញ្ជីបេតិកភណ្ឌរបស់ថៃ នៅឆ្នាំ១៩៤០នោះដែរ។
នៅឆ្នាំ១៩៤១ ប្រទេសថៃ បានដាក់ឆ្មាំការពាររបស់ខ្លួននៅក្នុងប្រាសាទព្រះវិហារនេះ។
ដោយមានប្រទេសជប៉ុន គាំទ្រប្រទេសថៃ ផងនោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ អនុសញ្ញាបារាំងសៀមមួយ ត្រូវបានចុះហត្ថលេខា នៅទីក្រុងតូក្យូ ។ តាមអនុសញ្ញានេះ ទឹកដីខេត្តបាត់ដំបង , ខេត្តកំពង់ធំមួយភាគ និង ខេត្តសៀមរាប មួយភាគ របស់កម្ពុជា ត្រូវកាត់ទៅឲ្យប្រទេសថៃ ។ ប៉ុន្តែជាសំណាងល្អ ៥ឆ្នាំក្រោយមក បន្ទាប់ពីប្រទេសជប៉ុន ចាញ់សង្រ្គាមលោកលើកទី២ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦នៅទីក្រុងវ៉ាស៊ីនតោន មានកិច្ចព្រមព្រៀងបារាំងសៀមមួយ បានរំលាយចោលនូវអនុសញ្ញាចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១នោះវិញ។ ដូច្នេះថៃ ត្រូវប្រគល់ទឹកដីខេត្តបាត់ដំបង , ខេត្តកំពង់ធំមួយភាគ និង ខេត្តសៀមរាប មួយភាគ របស់កម្ពុជា ដែលខ្លួនបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ នោះ មកឱ្យខ្មែរវិញ។

ពេលនោះប្រទេសថៃ បានប្រគល់ប្រាសាទវត្តភូ ឱ្យទៅប្រទេសឡាវវិញ ប៉ុន្តែប្រទេសថៃ មិនព្រមប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញឡើយ។
លុះដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ រដ្ឋាភិបាលកម្ពុជា ដែលទើបទាមទារបានប្រាសាទព្រះវិហារ មកវិញនោះ បានចាត់តាំងជនជាតិខ្មែរបីនាក់ ទៅថែរក្សាប្រាសាទព្រះវិហារ។ ប៉ុន្តែជនជាតិខ្មែរទាំងបីនាក់នោះត្រូវអាជ្ញាធរថៃ ដេញឲ្យចាកចេញពីប្រាសាទព្រះវិហារ នោះវិញ។
នៅចុងខែមីនា ឆ្នាំ១៩៥៤ រដ្ឋាភិបាលកម្ពុជា បានព្រមានទៅរដ្ឋាភិបាលក្រុងបាងកក ថា នឹងបញ្ចូនកងទ័ពឲ្យទៅការពារប្រាសាទព្រះវិហារ ជំនួសឆ្មាំកម្ពុជា ដែលត្រូវអាជ្ញាធរថៃ ដេញឲ្យចាកចេញពីប្រាសាទព្រះវិហារ នោះ។ ប៉ុន្តែមុនពេលអនុវត្តគម្រោងនៃការព្រមាននេះ រដ្ឋាភិបាលក្រុងបាងកក បានបញ្ជូនកងទ័ពរបស់ខ្លួនឲ្យមកឈរជើងនៅប្រាសាទព្រះវិហារនេះ ដោយខុសច្បាប់មុនទៅហើយ។

ក្រោយពីរដ្ឋមន្រ្តីការបរទេសថៃ ថាណាត់ ខូម៉ាន់ (Thanat Koman) មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងខែមិថុនា ឆ្នាំ១៩៥៩ មក រដ្ឋាភិបាលកម្ពុជា បានដាក់សំណើថ្មីសម្រាប់ឱ្យថៃជ្រើសរើស។ សំណើនោះគឺ ការគ្រប់គ្រងប្រាសាទរួមគ្នា ដោយប្រទេសកម្ពុជា រក្សានូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ។ បើសិនមិនយល់ព្រមតាមនោះទេ ប្រទេសកម្ពុជា នឹងដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (CIJ) នៅក្រុងឡាអេ។
ដោយរដ្ឋាភិបាលថៃ ពុំបានឆ្លើយតបនឹងសំណើដូចខាងលើនេះ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (CIJ)។
ឆ្នាំ១៩៦១ និងឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (CIJ) បានបើកសវនាការសាធារណៈ នៅក្រុងឡាអេ ។
ពេលនោះ រដ្ឋាភិបាលកម្ពុជា បានបញ្ជូនលោក ទ្រឿង កាង ជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះរាជបល្ល័ង និងមេធាវីបីរូប គឺ៖

១.លោក ឌីន អាចេសុន (Dean Acheson) ជាសមាជិកស្មាក្តី នៃតុលាការកំពូលសហរដ្ឋអាមេរិច។
២.លោក រ៉ូហ្សេ ពិនតូ (Roger Pinto) ជាសាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្តក្រុងបារីស។
៣.លោក ប៉ូល រ៉ឺទ័រ (Paul Reuter) ជាសាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្តក្រុងបារីស។
ក្រោយបើកសវនាការសាធារណៈ នៅក្រុងឡាអេ រយៈពេល២ឆ្នាំ (ឆ្នាំ១៩៦១ និងឆ្នាំ១៩៦២) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (CIJ)នៅទីក្រុងឡាអេ បានចេញសាលក្រមសម្រេចឱ្យភាគីកម្ពុជា ឈ្នះក្តីលើប្រាសាទព្រះវិហារនេះ។

សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (CIJ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានសម្រេចថា៖
១.ដោយមានសំឡេង៩ ទល់នឹង៣៖ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ សម្រេចថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
២.ដោយមានសំឡេង៩ ទល់នឹង៣៖ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ សម្រេចថា ប្រទេសថៃមានកាតព្វកិច្ចដកកម្លាំងទ័ព ឬប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃ បានដាក់ក្នុងប្រាសាទ ឬនៅក្នុងតំបន់ក្បែរប្រាសាទ នោះចេញទាំងអស់។

៣.មានសំឡេង៧ ទល់នឹង៥៖ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ សម្រេចថា ប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឱ្យប្រទេសកម្ពុជាវិញ នូវវត្ថុ(បុរាណ)ទាំងឡាយតាមប្រភេទ ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំវិនិច្ឆ័យទី៥របស់កម្ពុជា ដែលត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទ ដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសថៃ ចាប់តាំងប្រទេសថៃ ចូលការកាន់កាប់ប្រាសាទនេះនៅឆ្នាំ១៩៥៤មក។
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូនីស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា ៕