ថៃ៖ កាលពីថ្ងៃទី ១០ ខែមិថុនា ម្សិលមិញនេះ តារាពហុជំនាញជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសថៃ គឺលោក Tua Sarayu Wongkrachang បានទទួលមរណៈភាព ក្នុងវ័យ ៥៩ឆ្នាំ ដោយសារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ នៅមន្ទីរពេទ្យ ជុលឡាឡុងកន ( King Chulalongkorn Memorial Hospital) ។

ការស្លាប់របស់លោក Tua Sarayu Wongkrachang ដែលជាតារាសម្ដែង តារាចម្រៀង អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធរឿងផងនោះ បានធ្វើឲ្យអ្នកនៅក្នុងពភពសិល្បៈមានការសោកស្ដាយយ៉ាងខ្លាំង ហើយម្នាក់ៗក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ។ គេដឹងថាក្រៅពីការងារក្នុងសិល្បៈលោក Tua Sarayu Wongkrachang ក៏ជាអ្នកនយោបាយមួយរូបផងដែរ ។

សូមបញ្ជាក់ថា លោក Tua Sarayu Wongkrachang​ កើតនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៦០ ក្នុងខេត្ត Samut Songkhram ប្រទេសថៃ និងចូលប្រឡូកក្នុងសិល្បៈចាប់តាំងពីឆ្នាំ ១៩៨១ ។ ចំពោះរឿងភាគដែលទទួលបានភាពល្បីល្បាញខ្លាំង រហូតមានអ្នកទស្សនាច្រើនដល់ប្រទេសកម្ពុជាយើងគឺរឿង «Mon Rak Luk Thung» ចំណងជើងក្នុងប្រទេសកម្ពុជា «ស្នេហាបុប្ផាស្រុកស្រែ» ដោយលោក​សម្ដែងជាតួអង្គឯកប្រុសឈ្មោះ នាយ ខាវ ៕
ប្រភព៖ khaosod