ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ក្រោយពីចរចាមិនត្រូវគ្នាជាមួយបារាំង មក ពួកវៀតមិញ គ្មានជម្រើសអ្វីក្រៅពីការប្រយុទ្ធតស៊ូជាមួយបារាំងឡើយ ។ ពួកគេបានរាយកងទ័ព នៅតុងកឹង , អាណ្ណាម , ឡាវ , កម្ពុជា និងកូសាំងស៊ីន ហើយកងទ័ពវៀតមិញ ក៏ចាប់ផ្ដើមធ្វើការវាយប្រហារទៅលើទីតាំងកងទ័ពបារាំងទាំងឡាយដែលនៅតំបន់តុងកឹងទាំងមូល ពិសេសផ្លូវសំខាន់ៗដែលជាច្រកចេញចូលទៅក្រុងហាណូយ ត្រូវកងទ័ពវៀតមិញ កាត់ផ្ដាច់។

ឧត្តមនាវី អាហ្សង់លីយើ (Argenlieu) ស្នងការជាន់ខ្ពស់ និងជាអគ្គស្នងការកងទ័ពបារាំងនៅឥណ្ឌូចិន យល់ថា ពួកវៀតមិញគ្មានអ្វីអាង ក្រៅពីយកមេដឹកនាំសហភាពសូវៀតធ្វើជាខ្នងបង្អែក ដើម្បីដឹកនាំប្រទេសវៀតណាម ឲ្យទៅជាកុម្មុយនិស្តនោះទេ។ ដូច្នេះបារាំង ត្រូវតែធ្វើការទប់ស្កាត់កុំឲ្យប្រទេសនេះធ្លាក់ទៅក្រោមឥទ្ធិពលកុម្មុយនិស្ត ដោយបារាំង បង្វែរការចរចានោះ ទៅរកមេដឹកនាំគណៈបក្សអ្នកជាតិនិយម របស់វៀតណាម វិញម្ដង។

ឧត្តមនាវី អាហ្សង់លីយើ (Argenlieu) បានអញ្ជើញឧត្តមសេនីយ៍ ង៉ូ ឌិនយៀម , ង្វៀង ម៉ាន់ហា និង ហាង សានហន ដែលជាពួកវៀតណាមជាតិនិយម នៅទីក្រុងព្រៃនគរ ឲ្យមកជួបពិភាក្សាគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយ ដើម្បីទប់ទល់ជាមួយរដ្ឋាភិបាលវៀតមិញ។ ប៉ុន្តែមេដឹកនាំពួកវៀតណាមអ្នកជាតិនិយមទាំងបីនាក់នេះ មិនហ៊ានបង្កើតរដ្ឋាភិបាលថ្មីមួយតាមការផ្ដួចផ្ដើមរបស់បារាំងនេះទេ ព្រោះពេលនោះពួកគេមិនសូវទុកចិត្តលើកកម្លាំងកងទ័ពបារាំងប៉ុន្មាន ព្រោះឃើញកម្លាំងកងទ័ពវៀតមិញ កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅឥណ្ឌូចិនទាំងមូល។ ជាមួយគ្នានោះ សូម្បីគណបក្សនយោបាយវៀតណាមមួយចំនួនដែលធ្លាប់ប្រឆាំងនឹងពួកវៀតមិញពីមុនមកនោះ ក៏សុខចិត្តចុះចាញ់ និងចូលរួមជាមួយពួកវៀតមិញនោះដែរ។

នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៤៧ លោករ៉ាម៉ាឌីយេ (Ramadier) នាយករដ្ឋមន្ត្រីបារាំងថ្មី ដែលទើបនឹងឡើងជំនួសរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ឡេអុង ប្ល៊ុម (Leon Blum) បានដាក់បញ្ជាឲ្យឧត្តមនាវី អាហ្សង់លីយើ (Argenlieu) ដែលជាស្នងការជាន់ខ្ពស់ និងជាអគ្គស្នងការកងទ័ពបារាំងនៅឥណ្ឌូចិន រិះរកមធ្យោបាយយ៉ាងណាដើម្បីចរចាជាមួយមេដឹកនាំវៀតណាមផ្សេងៗទៀត មិនមែនជាមេដឹកនាំវៀតមិញ ដែលបារាំងចាត់ទុកថាជាមនុស្សមានពុតត្បុតអាក្រក់ ហើយមិនមែនជាតំណាងប្រទេសវៀតណាមពិតប្រាកដនោះផងដែរ។ តែនៅពេលដែលលោករ៉ាម៉ាឌីយេ (Ramadier) នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង មានផែនការឲ្យឧត្តមនាវី អាហ្សង់លីយើ (Argenlieu) រិះរកមធ្យោបាយយ៉ាងណាដើម្បីចរចាជាមួយមេដឹកនាំវៀតណាមផ្សេងៗទៀត មិនមែនជាមេដឹកនាំវៀតមិញ នោះ ពួកមេដឹកនាំវៀតមិញបានបញ្ជាឲ្យកងទ័ពរបស់ខ្លួនធ្វើការវាយប្រហារទៅលើកងទ័ពបារាំងគ្រប់ទិសទីទាំងអស់ ជាហេតុធ្វើឲ្យឧត្តមនាវី អាហ្សង់លីយើ (Argenlieu) មិនអាចស្វែងរកការចរចាជាមួយពួកមេដឹកនាំមិនមែនកុម្មុយនិស្តវៀតណាម តាមផែនការរបស់នាយករដ្ឋមន្ត្រីថ្មីរបស់លោកបាន ក៏ត្រូវរដ្ឋាភិបាលបារាំង ដកលោកចេញពីតំណែងស្នងការជាន់ខ្ពស់ និងជាមេបញ្ជាការកងទ័ពបារាំងនៅឥណ្ឌូចិន ហើយបានប្រគល់តំណែងនេះទៅឲ្យលោកឡឺក្លេក (Leclerc) ដែលធ្លាប់កាន់តំណែងនេះពីមុនវិញ។ តែលោកឡឺក្លេក (Leclerc) បានដាក់លក្ខខណ្ឌថា បើលោកទៅទទួលតំណែងនោះវិញ ទាល់តែប្រគល់សិទ្ធិឲ្យលោកដោះស្រាយបញ្ហាឥណ្ឌូចិនទៅតាមឧត្តមគតិរបស់លោកផ្ទាល់។ តែរដ្ឋាភិបាលបារាំង មិនបានយល់ព្រមប្រគល់សិទ្ធិឲ្យលោកឡឺក្លេក (Leclerc) ដោះស្រាយបញ្ហាឥណ្ឌូចិននោះ ស្រេចតែចិត្តរបស់លោកបាននោះទេ។

ដូច្នេះតំណែងស្នងការជាន់ខ្ពស់របស់បារាំង ប្រចាំឥណ្ឌូចិននេះ ត្រូវបានរដ្ឋាភិបាលបារាំង ប្រគល់ទៅឲ្យលោកអ៊ីមីល បូល្លាអេត (Emile Bollaert)ដែលពីមុនមក លោកមិនដែលស្គាល់ឥណ្ឌូចិន នេះ ម្ដងណាសោះ ហើយមិនដែលមានបទពិសោធន៍អ្វីពីកិច្ចការនយោបាយនៅអាស៊ីនោះដែរ។ តែទោះបីយ៉ាងណា លោកអ៊ីមីល បូល្លាអេត (Emile Bollaert) ជាអ្នកជំនាញខាងកិច្ចការរដ្ឋបាលម្នាក់ ហើយលោកក៏បានយក អតីតលេខាធិការគណៈកម្មការអន្តរក្រសួងនៅឥណ្ឌូចិនម្នាក់ ឈ្មោះព្យែរ ម៉េសស្មេ (Pierre Messmer) ឲ្យធ្វើជានាយកខុទ្ទកាល័យរបស់លោក និងយកលោកប៉ូល មុស (Paul Mus) អតីតនាយកសាលាជាតិបារាំងនៅឯនាយសមុទ្រ និងជាអតីតទីប្រឹក្សានយោបាយជាន់ខ្ពស់របស់ឧត្តមសេនីយ៍ឡឺក្លេក (Leclerc) ស្នងការជាន់ខ្ពស់ និងជាមេបញ្ជាការកងទ័ពបារាំងនៅឥណ្ឌូចិន ពីមុន មកធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកផងដែរ៕