ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានវៀតណាម VNEXPRESS បានចុះផ្សាយថា មានជនជាតិវៀតណាមម្នាក់ បានឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជា ហើយត្រូវបានក្រសួងសុខាភិបាលពិនិត្យឃើញកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្រាប់តែមុននេះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមុខច្រានចោលព័ត៌មាននេះទាំងស្រុង ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ករណីរកឃើញជនជាតិវៀតណាមឆ្លងជំងឺកូវីដ១៩ពីកម្ពុជានេះគឺជារឿងមិនពិត ហើយក្រសួងបញ្ជាក់ថា បុរសជនជាតិវៀតណាម ១៨ឆ្នាំនេះ មិនដឹងមកពីប្រភពណាច្បាស់លាស់នោះឡើយ។ លោកស្រីស្នើឱ្យវៀតណាមពិនិត្យឡើងវិញផងដែរ ។

សូមបញ្ចាក់ថា សាព័ត៌មាន VNEXPRESS បានរាយការណ៍យ៉ាងដូច្នេះថា ជនជាតិវៀតណាមម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកស្រុកហុងងូ (Hong Ngu) ខេត្តដុងថាប់ (Dong Thap) មានផ្ទុកជំងឺកូវីដ-១៩ ពេលធ្វើដំណើរចេញពីកម្ពុជា ទៅដល់វៀតណាម កាលពីថ្ងៃទី២៥ ខែឧសភា ៕