ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៤៦ រដ្ឋាភិបាលបារាំង បានផ្លាស់ប្ដូរស្នងការថ្មីម្នាក់ទៀត ឈ្មោះហ្សង់ សាំងតឺនី ( Jean Sainteny) ឱ្យមកគ្រប់គ្រងនៅទីក្រុងហាណូយ ជំនួសលោកវ៉ាលី (Vally) ហើយលោកស្នងការបារាំងថ្មីនេះបានចូលជួបពិភាក្សាគ្នាជាមួយហូជីមិញ ដើម្បីបន្ធូរសភាពការណ៍ដែលកំពុងតានតឹងនោះដែរ តែមិនត្រូវរ៉ូវគ្នាអ្វីបន្តិចទាល់តែសោះ។

រដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) ពេលជួបព្រះមហាក្សត្រនរោត្តម សីហនុ

នៅថ្ងៃទី១៧ ខែធ្នូ កងទ័ពវៀតមិញ បានបាញ់ប្រហារទៅលើរថយន្តកងទ័ពបារាំងមួយគ្រឿង ដែលកំពុងបើកទៅផ្សារដើម្បីទិញស្បៀងអាហារយកមកផ្គត់ផ្គង់កងទ័ពរបស់ខ្លួននៅក្នុងបន្ទាយ បណ្ដាលឱ្យអ្នកបើកបរ និងទាហានបារាំង ២នាក់ទៀតត្រូវបាញ់សម្លាប់។ ភ្លាមនោះដែរ ស្នងការបារាំង ហ្សង់ សាំងតូនី ក៏បញ្ជាឲ្យកងទ័ពរបស់ខ្លួនទៅជួយអន្តរាគមន៍បង្រ្កាបកងទ័ពវៀតមិញនោះវិញ បណ្ដាលឲ្យស្លាប់ ១៥នាក់ និងផ្ទះជាច្រើនខ្នងនៅតំបន់វាយប្រយុទ្ធគ្នានោះត្រូវភ្លើងឆាបឆេះ។
ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៩ ខែធ្នូ ឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ បានដាក់ពង្រាយកងទ័ពវៀតមិញ ប្រមាណ៣ម៉ឺននាក់ ព័ទ្ធជុំវិញជាយទីក្រុងហាណូយ ។

រដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) ពេលជួបហូ ជីមិញ

នៅវេលាម៉ោង៨ ថ្ងៃទី១៩ធ្នូនោះ ភ្លើងអគ្គិសនីនៅក្នុងក្រុងហាណូយ ទាំងមូល ត្រូវបានកងទ័ពវៀតមិញលួចកាត់ផ្ដាច់បណ្ដាលឱ្យងងឹតសូន្យឈឹង ហើយស្នូរកាំភ្លើងគ្រប់ធុន ក៏បានចាប់ផ្ដើមផ្ទុះឡើងគ្រប់មុខព្រួញ ។ នៅក្នុងសង្កាត់មួយដែលមានផ្ទះជនជាតិបារាំង រស់នៅច្រើនជាងគេ ត្រូវកងទ័ពវៀតមិញ ចូលទៅចាប់ខ្លួន ឬបាញ់សម្លាប់ម្ចាស់ផ្ទះចោលតែម្ដង។
ពេលនោះក្រុងហាណូយទាំងមូល ត្រូវកងទ័ពវៀតមិញ ឡោមព័ទ្ធគ្រប់ទិសទី ហើយសង្កាត់ចិន ក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពយប់មិញ ទាំងស្រុងដែរ។

រដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) ពេលជួបហូ ជីមិញ

លទ្ធផលនៃការប្រយុទ្ធគ្នានេះ គឺជាជនស៊ីវិល និងទាហានបារាំង ប្រមាណ៤០នាក់ត្រូវស្លាប់ និង២០០នាក់ទៀតត្រូវចាប់ខ្លួន។ នៅថ្ងៃទី២១ ខែធ្នូ លោកម៉ារីយ៉ូស មូតេត (Marius moutet ) រដ្ឋមន្ត្រីទទួលបន្ទុកប្រទេសអាណានិគមនៅឯនាយសមុទ្រ បានធ្វើដំណើរមកដល់ទីក្រុងព្រៃនគរ ក្នុងបំណងមកដោះស្រាយបញ្ចប់ការវាយប្រយុទ្ធគ្នារវាងកងទ័ពបារាំងនិងកងទ័ពវៀតមិញ នៅទីក្រុងហាណូយនោះ ដោយមានឧត្តមសេនីយ៍ ឡឺក្លេក អតីតស្នងការបារាំងប្រចាំឥណ្ឌូចិន និងឧត្តមសេនីយ៍ អាហ្សង់លីយើ (Argenlieu) ជាស្នងការជាន់ខ្ពស់ និងជាអគ្គបញ្ជាការកងទ័ពបារាំង ប្រចាំឥណ្ឌូចិន បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ មុន ។ ចំណែករដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) mario មិនទាន់ធ្វើដំណើរទៅឲ្យទីក្រុងហាណូយ ភ្លាមៗទេ ដោយលោកឆ្លៀតឱកាសទៅបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ , ខេត្តបាត់ដំបង , ខេត្តសៀមរាប និងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សិន។

មេទ័ពវៀតមិញ វូ ង្វៀងយ៉ាប់ និងហូ ជីមិញ
មេទ័ពវៀតមិញ វូ ង្វៀងយ៉ាប់ និងហូ ជីមិញ

តែទោះបីយ៉ាងនេះ ក៏ដោយ ក៏នៅថ្ងៃទី២៩ធ្នូ វិទ្យុរបស់ពួកវៀតមិញ បានផ្សាយថា ហូ ជីមិញ បានផ្ញើលិខិតមួយទៅ នាយករដ្ឋមន្ត្រីបារាំង លោកឡេអុង ប៊្លុម (Leon Blum) ដោយបានសម្ដែងនូវការមិនសប្បាយចិត្តរបស់គាត់ចំពោះការអញ្ជើញមកដល់ឥណ្ឌូចិន របស់លោករដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) ហើយគាត់បានសុំឲ្យកងទ័ពបារាំង ដែលកំពុងឈរជើងនៅទីក្រុងហាណូយ ដកថយមកនៅទីតាំងចាស់មុនថ្ងៃ១៧ធ្នូវិញ និងសុំឲ្យមានការឈប់បាញ់គ្នា។

រដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) ពេលជួបហូ ជីមិញ

នៅថ្ងៃទី១ ខែមេសា ១៩៤៧ វិទ្យុរបស់ពួកវៀតមិញ បានផ្សាយថា ហូ ជីមិញ បានផ្ញើលិខិតមួយទៀតទៅជូននាយករដ្ឋមន្ត្រីទេឡេអុង ប៊្លុម (Leon Blum) មួយទៀត ស្នើសុំបញ្ចប់ការវាយប្រយុទ្ធគ្នាជាបន្ទាន់ និងសុំឲ្យកងទ័ពបារាំងដកថយទៅនៅទីតាំងដែលបានព្រមព្រៀងគ្នា តាមកិច្ចព្រមព្រៀងក្រុងដាឡាត់ ព្រមទាំងដោះលែងឈ្លើយសឹកទាំងអស់ ហើយសូមឱ្យបញ្ឈប់ការបញ្ជូនកងទ័ពជំនួយរបស់បារាំង មកថែមទៀតជាបន្ទាន់ និងសុំឲ្យមានការជួបចរចាគ្នារវាង ហូ ជីមិញ ជាមួយរដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) ដើម្បីដោះស្រាយគ្នាស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី៦ ខែមី វាយតម្លៃថា មិនអាចយកជាការបានទេ ព្រោះវាគ្រាន់តែជាការលើកឡើង ដើម្បីបំភាន់ភ្នែកសាធារណៈមតិអន្តរជាតិ តែប៉ុណ្ណោះ ហើយលោកជឿជាក់ថា មេដឹកនាំវៀតមិញ មិនដែលមានចេតនាក្នុងការរកដំណោះស្រាយពិតប្រាកដនោះឡើយ។ នៅទីបំផុត រដ្ឋមន្ត្រី ម៉ារីយ៉ូស មូតេត (Marius moutet ) បានបង្ខំចិត្តចាកចេញពីក្រុងហាណូយ មកសម្រាកនៅទីក្រុងព្រៃនគរ មួយរយៈ មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសបារាំង វិញ ដោយគ្មានបានទទួលលទ្ធផលអ្វីបន្តិចសោះឡើយ៕