ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​បំបែកសំណុំរឿង ករណី​ចិន​ចាប់ជំរិត​ជនជាតិ​ចិន ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់​ផង​ដែរ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០​ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ។

ជា​លទ្ធផល​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បំបែក​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​យ៉ាង​ឃោរឃៅ (​បង្ក​ដោយ​ជនជាតិ​ចិន និង​ជនជាតិ​ចិន​) គិត​ចាប់ពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​០០​នាទី ត្រូវ​បង្ក្រាប​បាន​ទាំងស្រុង ។

យោង​តាម​របាយការណ៍​នរ​គ​របាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ព្រឹក កា​រិ​យ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ Tang XinJue ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​ថា នៅ​ថ្ងៃ​ទី​០៥ មិថុនា វេលា​ម៉ោង​ប្រហែល​០៤ និង​១០​នាទី​ទៀប​ភ្លឺ មិត្តភក្តិ​របស់​គាត់​(​ជន​រង​គ្រោះ​)​ឈ្មោះ Wang WenXing ភេទ​ប្រុស ត្រូវ​បាន​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​ទីកន្លែង​មួយ បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​ប្រើ​គណនី វី​ឆាត​របស់​ជន​រង​គ្រោះ​ឈ្មោះ Wang WenXing មក​ប្រពន្ធ​ជន​រង​គ្រោះ (​នៅ​ប្រទេស​ចិន​) ដើម្បី​ជំរិត​ទារប្រាក់​ចំនួន ៥០០,០០០ Yuan ប្រមាណ​ជាង​70,600 ដុល្លារ​អា​មេ​រិ​ក ជា​ការ​ដោះ​ដូរ​ជាមួយ​ជន​រង​គ្រោះ បើ​មិន​ព្រម​វេរ​លុយ​អោយ​ទេ ពួក​វា​នឹង​សម្លាប់​ចោល ។

ករណី​នេះ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ចង្អុលបង្ហាញ​អំពី​រលោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ និង​សកម្ម ដើម្បី​រំដោះ​ជន​រង​គ្រោះ និង​ចាប់​ជនសង្ស័យ​បាន ។

នៅ​វេលា​ម៉ោង​២២ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​សហការ​បាន​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ ភេទ​ប្រុស ជនជាតិ​ចិន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ទីរួមខេត្ត​កំពង់ស្ពឺ ខណៈ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ស្លាក​លេខៈ ភ្នំពេញ 2AN-4020 ហើយ​បាន​ដកហូត​យក​វត្ថុ​តាង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​ទូរស័ព្ទ​១​គ្រឿង ជា​របស់​ជន​រង​គ្រោះ និង​ស៊ី​មកា​ត​ចំនួន​២ (​មធ្យោបាយ​ជំរិត​ទារប្រាក់​) ។

បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្ត និង​កម្លាំង​អន្តរា​គម​ន៌​ពិសេស បន្ត​ធ្វើការ​ស្រាវជ្រាវ​រំដោះ​ជន​រង​គ្រោះ​ទាំង​យប់ ក្នុង​ស្ថានភាព​ស្រាត ដៃ​ទាំង​សងខាង​មាន​ជាប់​ខ្សែ​ជ័រ និង​ក​ជន​រង​គ្រោះ មាន​ខ្សែ​ចង​ជាប់​ខ្លួន នៅ​ចំណុច​ពយ​ថ្ម​យក្ស (​ក្នុង​ព្រៃ​ជាប់មាត់​សមុទ្រ​) ឃ្លាត​ពី​ផ្លូវ​សម្តេច​សង្ឃ​២​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ តែ​ជនសង្ស័យ​(​ដែល​យាម​ជន​រង​គ្រោះ​) បានដឹង​ខ្លួន​មុន រួច​រត់​ចូល​ក្នុង​ព្រៃ​ជ្រៅ ខណៈនោះ​មេឃ​កំពុង​ភ្លៀង​ខ្លាំង តែ​កម្លាំង​របស់​យើង​នៅ​តែ​បន្ត​រុករក​យ៉ាង​សកម្ម ។ រហូត​ដល់​រសៀល​ថ្ងៃ​ទី ០៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤ និង​០០​នាទី ទើប​យើង​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត កំពុង​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ នៅ​ចំណុច​ពយ​ថ្ម​យក្ស ។

ជន​រង​គ្រោះ​ឈ្មោះ Wang WenXing ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មានស្រុក​កំណើត​ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន មុខរបរ រកស៊ី កាន់​លិខិតឆ្លងដែន​លេខៈ EA5813992 មាន​ទីលំនៅ​ភូមិ ១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​ជនសង្ស័យ​ចំនួន​៤​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ឈ្មោះ Wei ShunCheng ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មានស្រុក​កំណើត​ខេត្ត​សាន​ស៊ី ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។
២.​ឈ្មោះ Teng JiaLiang ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មានស្រុក​កំណើត​ខេត្ត​Guang Xi ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។
៣.​ឈ្មោះ Song XiaLing ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មានស្រុក​កំណើត​ខេត្ត​អាន​ហ៊ួ​យ ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។
៤.​ឈ្មោះ Zhang YiBo ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មានស្រុក​កំណើត​ខេត្ត​ហ៊ឺ​ណា​ន ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។
រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន ព្រមទាំង​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ស្លាក​លេខៈ ភ្នំពេញ 2AN-4020 (​មធ្យោបាយ​ចាប់​ជន​រង​គ្រោះ​) ។

ករណី​នេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុង​បន្ត​និ​វិធី បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។ (​ក្រុម​នេះ​ជា​ក្រុម​ជំនាញ ខាង​ធ្វើ​សកម្មភាព ប្លន់ និង ចាប់​ជំរឹត ទារប្រាក់​) ៕