ប្រជាជនមួយចំនួនដែលតែងតែជឿលើជំនឿតែងតែធ្វើការអុជធូប ជាពិសេសអ្នកដែលកាន់ជើងធូបតែងតែអុជរាល់ថ្ងៃ និងកាន់តែពិសេសទៀតនោះគឺចំថ្ងៃសីល៍ដែលគ្រប់គ្នាអុជធូបបន់ស្រន់សុំសេចក្តីសុខនានា ប៉ុន្តែតើអ្នកដឹងទេថា ចំនួនសរសៃធូបដែលអ្នកអុជចាប់ពី១សរសែឡើងទៅមានអត្ថន័យបែបណា? ខាងក្រោមនេះជាអត្ថន័យសម្រាប់ចំនួនសរសៃធូប ៖
1. ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។
2. ការអុជធូប ២ សរសៃ តំណាងឲ្យការរំលឹកគុណមាតាបិតា។
3. ការអុជធូប ៣ សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
4. ការអុជធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
5. ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
6. ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន មាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
7. ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
8. ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
9. ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ។
10. ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
11. ការអុជធូប ២១ សរសៃ គឺបូជាគុណឪពុក។
12. ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ។