ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៤៦ កងទ័ពបារាំងដែលស្ថិតនៅក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ ឡឺ ក្លេក(Leclerc) បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤៦ តាមការទាមទាររបស់ហូ ជីមិញ បារាំង និងវៀតណាម បានជួបចរចាគ្នានៅក្នុងបរិវេណវិទ្យាល័យយ៉េស៊ីន(Yersin) នៅក្រុងដាឡាត់។ ក្នុងពេលជួបចរចាគ្នានោះ មានលោកឧត្តមសេនីយ៍ អាហ្សង់លីយើ(Argenlieu) ជាអធិបតី ហើយគណៈប្រតិភូវៀតមិញ មានសមាជិក១០នាក់ ដឹកនាំដោយ ង្វៀង ទុងតាំ ជាមេដឹកនាំចលានាអ្នកជាតិនិយមវៀតណាម ។ ចំណែកគណៈប្រតិភូបារាំង មានសមាជិក១១នាក់ ដឹកនាំដោយលោកម៉ាក់ អង់ដ្រេ (Max Andre)។

ក្នុងជំនួបចរចានោះបញ្ហាសំខាន់គឺភាគីវៀតមិញ នៅតែទាមទារឲ្យបារាំង បញ្ចូលទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម)ឲ្យទៅជារបស់វៀតណាម។ តែភាគីបារាំង បានលើកឡើងថា បញ្ហាទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម)នេះ មិនទាន់ចោទជាបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើយទេគឺត្រូវយកបញ្ហាផ្សេងៗទៀតដូចជា បញ្ហាសហព័ន្ធឥណ្ឌូចិន, បញ្ហាកងទ័ពឥណ្ឌូចិន និងបញ្ហាឯករាជ្យវៀតណាម មកដោះស្រាយសិន។

នាយឧត្តមសេនីយ៍ ឡឺ ក្លេក(Leclerc) បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ

ចំពោះបញ្ហាសហព័ន្ធឥណ្ឌូចិន បើទោះបីភាគីវៀតមិញ ទាមទារអំណាចខ្លះដើម្បីត្រួតត្រាក៏ដោយ ក៏ភាគីបារាំង នៅតែមានបំណងត្រួតត្រាឥណ្ឌូចិនទាំងមូល ដាច់តែម្នាក់ឯងដដែល។ទីបំផុត លទ្ធផលក្នុងកិច្ចចរចានោះ បារាំង និងពួកវៀតមិញ បានសម្រេចបង្កើតសភាចម្រុះមួយសម្រាប់គ្រប់គ្រងឥណ្ឌូចិន។ សភាចម្រុះនោះ មានសមាជិកចំនួន៦០នាក់ ក្នុងនោះមានតំណាងសាធារណរដ្ឋបារាំង ចំនួន១០នាក់, តំណាងប្រទេសអាណ្ណាម ចំនួន១០នាក់, តំណាងប្រទេសតុងកឹង ចំនួន១០នាក់ , តំណាងប្រទេសកម្ពុជា ចំនួន១០នាក់ , តំណាងប្រទេសឡាវ ចំនួន១០នាក់ និងតំណាងកូសាំងស៊ីន(កម្ពុជាក្រោម) ចំនួន១០នាក់ ដែរ ប៉ុន្តែ១០នាក់នេះសុទ្ធតែជាជនជាតិវៀតណាម។

កងរថក្រោះបារាំង​ នៅតុងកឹង
កងរថក្រោះបារាំង​ នៅតុងកឹង

ភារកិច្ចសំខាន់របស់សភានេះគឺ អនុម័តថវិកាសម្រាប់កសាងសហព័ន្ធឥណ្ឌូចិន។ ដោយសារក្នុងសហព័ន្ធឥណ្ឌូចិននោះ មានសមាជិកជាជនជាតិវៀតណាមរហូតដល់៣០នាក់ទៅហើយនោះ ពោលគឺមកពីតុងកឹង ១០នាក់, មកពីអាណ្ណាម ១០នាក់ និងមកពីកូសាំងស៊ីន (កម្ពុជាក្រោម)១០នាក់ ហើយមកពីឡាវ ១០នាក់ដែរនោះ ថវិការបស់សហព័ន្ធឥណ្ឌូចិន ដ៍ច្រើនសន្ធឹកសន្ធាប់នោះ ត្រូវបានអនុម័តឲ្យយកទៅកសាងសមិទ្ធិផលដ៏ស្កឹមស្កៃជាច្រើនតែនៅលើទឹកដីវៀតណាមប៉ុណ្ណោះ ចំណែកប្រទេសខ្មែ រនិងឡាវទទួលបានថវិកានោះតិចតួចបំផុត។

ហូ ជីមិញទៅប្រទេសបារាំង ក្នងឆ្នាំ១៩៤៦
ហូ ជីមិញទៅប្រទេសបារាំង ក្នងឆ្នាំ១៩៤៦

ក្រោយពេល កងទ័ពបារាំងចូលទៅបោះទីតាំងនៅតុងកឹងវិញ បារាំងបានបង្កើតការិយាល័យគយ របស់ខ្លួនមួយនៅកំពង់ផែហៃហ្វុង ដើម្បីយកពន្ធលើមុខទំនិញដែលឆ្លងកាត់កំពង់ផែនោះ បានបង្កឲ្យមានការឈ្លោះប្រកែកគ្នារវាងអ្នកជំនួញវៀតណាមជាមួយនឹងមន្ត្រីគយបារាំង នៅកំពុងផែនោះ និងជម្លោះរវាងអ្នកជំនួញបារាំង ជាមួយប៉ូលិសវៀតណាមជាញឹកញាប់ រហូតដល់មានការត្រៀមកងទ័ពវាយប្រយុទ្ធគ្នាទៀតផង ហើយកងឈ្លបវៀតមិញ បានលួចធ្វើឃាតជនជាតិបារាំង និងទាហានបារាំងជាជាញឹកញាប់ទៀតផងនោះ ធ្វើឲ្យសភាពការណ៍កាន់តែមានភាពតានតឹងឡើងៗ។

វូ ង្វៀងយ៉ាប់ មេទ័ពវៀតមិញ ទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ឡឺ ក្លេក(Leclerc) ពេលធ្វើដំណើរទៅដល់ទីក្រុងហាណូយ

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ហូ ជីមិញបានផ្ញើលិខិតតវ៉ាជាផ្លូវការមួយច្បាប់ទៅរដ្ឋាភិបាលបារាំងនៅក្រុងប៉ារីស ដោយបានលើកឡើងថា ការដែលបារាំង បង្កើតការិយាល័យគយរបស់ខ្លួននៅកំពុងផែហៃហ្វុង នោះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតទៅលើកិច្ចព្រមព្រៀងទាំងឡាយដែលបារាំង និងវៀតមិញ បានចុះហត្ថលេខាជាមួយគ្នាពីមុនមក។ តែរដ្ឋាភិបាលបារាំង នៅតែមិនអើពើចំពោះការតវ៉ារបស់ហូជីមិញ បណ្ដាលឲ្យកងទ័ពវៀតមិញ ចាប់ផ្ដើមធ្វើសកម្មភាពបាញ់សម្លាប់ជនស៊ីវិល និងកងទ័ពបារាំងកាន់តែសាហាវនិងខ្លាំងក្លាថែមទៀត រហូតដល់បារាំង បញ្ចេញរថក្រោះ និងរថពាសដែកទៅបង្ក្រាបហើយកងទ័ពវៀតមិញ ក៏នាំគ្នាកាប់រំលំដើមឈើដាក់កាត់ទទឹងផ្លូវសំខាន់ៗដើម្បីបង្កការលំបាកដល់រថក្រោះ និងរថពាសដែករបស់បារាំង ទាំងនោះ។

ក្រោយពីមានការវាយប្រយុទ្ធគ្នាធំៗចំនួនបីលើករួចមក បារាំង និងពួកវៀតមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀត ហៅថាកិច្ចព្រមព្រៀងអេកែល ណាំ (Herkel Nam) មាន៣ចំណុចគឺ៖
ទី១. កងទ័ពបារាំង និងកងទ័ពវៀតមិញ មិនត្រូវវាយប្រយុទ្ធគ្នាទៀតទេ បើទោះបីក្នុងករណីណាក៏ដោយ។
ទី២.បារាំងត្រូវដករថក្រោះ និងរថពាសដែកចូលបន្ទាយវិញ។

ទី៣. ការធ្វើចរាចរណ៍នៅពេលយប់ ត្រូវកាត់បន្ថយឲ្យនៅតិចបំផុត។ ប៉ុន្តែដោយសារភាគីវៀតមិញ មិនបានគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះឲ្យបានត្រឹមត្រូវ ពោលគឺពួកគេនៅតែបន្តធ្វើការលបបាញ់សម្លាប់ទៅលើជនស៊ីវិល និងទាហានបារាំង បន្តទៅទៀតនោះ ទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៤៦ លោកឧត្តមសេនីយ៍ វ៉ា លី (Vally) ដែលជាស្នងការបារាំង ប្រចាំនៅក្រុងហាណូយ បានបញ្ជាឲ្យកងទ័ពវៀតមិញ ដែលបោះទីតាំងនៅក្នុងសង្កាត់ចិន ក្នុងក្រុងហៃហ្វុងនោះ ដកកងទ័ពចេញឱ្យអស់ក្នុងរយៈពេលតែ២ ទៅ៣ម៉ោងប៉ុណ្ណោះ។

តែពួកវៀតមិញមិនព្រមធ្វើតាមបញ្ជានេះ កងទ័ពបារាំងក៏ចាប់ផ្ដើមបើកការវាយប្រហារ ដោយមានកងកាំភ្លើងធំ និងកងទ័ពជើងទឹកចូលរួមផង ធ្វើឲ្យកងទ័ព និងប្រជាជនវៀតណាមនៅទីនោះ ស្លាប់អស់រាប់ពាន់នាក់។ តែកងទ័ពវៀតមិញ បានវាយបកទៅលើកងទ័ពបារាំងឱ្យដកថយចេញពីក្រុងហៃហ្វុង អស់វិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា។ លុះបីថ្ងៃក្រោយមក កងទ័ពបារាំង ក៏វាយដណ្ដើមកាន់កាប់ទីក្រុងហៃហ្វុង បានវិញទាំងស្រុង៕