រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៤ មិថុនា ២០២០​នេះ យោង​តាម​ប្រភព​ច្បាស់ការ​បាន​បញ្ជាក់​ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ប្រកាស​តាម​វិទ្យុទាក់ទង សហការជាមួយ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ប្រសិនបើ​ប្រទះ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក rolls-royce ពាក់​ស្លាក​លេខ «​នគរបាល​» ត្រូវ​តែ​ឃាត់​ទាំង​មនុស្ស និង រថយន្ដ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ដែរ​ថា នៅ​ព្រឹក​មិ​ញ​នេះ លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​បញ្ជា​ទៅ​កងកម្លាំង​នគរបាល ឲ្យ​ឆែក​មើល លើ​ករណី​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ម៉ាក rolls-royce ពាក់​ស្លាក​លេខ «​នគរបាល​» ។

ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ថ្លែង​ថា លោក​នឹង​ឲ្យ​គេ​ឆែក​ភ្លាម! ថា​តើ​ស្លាក​លេខ​រថយន្ត​របស់​អ្នក​ណា? និង​ស្លាក​លេខ​នគរបាល​ពិត ឬ​ក៏​ក្លែងក្លាយ ? ព្រោះថា នៅ​អង្គភាព​ប៉ូលិស​ទូ​ទាំង​ប្រទេស គ្មាន​ទេ​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ។ ជា​ធម្មតា​ស្លាក​លេខ «​នគរបាល​» អត់​ចេញឲ្យ​ទៅ​រថយន្ត​ឯកជនប្រើប្រាស់​ទេ គឺ​ឲ្យ​តែ​អង្គភាពប៉ូលិស តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ចរាចរណ៍ បាន​បញ្ជាក់​ប្រាប់នៅ​រសៀល​ថ្ងៃ​ទី​០៤ មិថុនា នេះ​ថា ផ្លា​ក​លេខ «​នគរបាល 2-7715» ដែល​បំពាក់​លើ​ឡាន Rolls-Royce និង Mercedes គឺជា​ផ្លា​ក​លេខ​ក្លែងក្លាយ ​។

នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន ក៏ បាន​បញ្ជាក់ដែរ​ថា ពេល​នេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះហើយ ដើម្បី​នាំចាត់ការ​តាម​ផ្លូវច្បាប់ ​។ បើសិនជា​ប្រជាពលរដ្ឋ​រក​ឃើញ សូម​រាយការណ៍​មក​សមត្ថកិច្ច ដែល​នៅ​ជិត​ខ្លួន​។

ការ​បញ្ជា​ឲ្យ​ស្រាវជ្រាវ​​ ផ្លា​ក​លេខ «​នគរបាល 2-7715»នេះ បន្ទាប់​ពី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២ មិថុនា មានការ​បង្ហោះ​រូបភាព​រថយន្ត​ស៊េរី​ទំនើប មួយ​គ្រឿង​ម៉ាក rolls-royce ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ គឺ​រថយន្ត​នេះ​ពាក់​ស្លាក​លេខ នគរបាល សូ​ម្បី​តែ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​លោក​មាន​ប្រតិកម្ម​ផង​ដែរ ​៕