ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦ នោះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបសម្ព័ន្ធមួយទៀតស្ដីពីរបៀបរបបដែលកងទ័ពបារាំងត្រូវចូលមកបោះទីតាំងនៅលើទឹកដីតុងកឹង ជំនួសកងទ័ពចិនវិញ ដោយមានឧត្តមសេនីយ៍សាឡង់ ជាតំណាងកងទ័ពបារាំង និងឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ ជាតំណាងកងទ័ពវៀតណាម។

កិច្ចព្រមព្រៀងឧបសម្ព័ននេះ មាន៣ចំណុច គឺ៖
ទី១ កងទ័ពដែលត្រូវចូលមកជំនួសកងទ័ពចិននៅប៉ែកខាងជើងបន្ទាត់ខ្សែស្របទី១៧ រួមមានកងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) ចំនួន១០០០០នាក់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេបញ្ជាការដែលជាជនជាតិវៀតណាម និងកងទ័ពបារាំងមានចំនួន១៥០០០នាក់ស្ថិតនៅក្រោមបញ្ជាការរបស់មេបញ្ជាការជាជនជាតិបារាំង តែមានមេបញ្ជាការរង ជាជនជាតិវៀតណាម។ កងទ័ពទាំងពីរសាសន៍នេះត្រូវស្ថិតនៅក្រោមបញ្ជាការរបស់មេបញ្ជាការជាជនជាតិបារាំង តែមានតំណាងវៀតណាមម្នាក់ ជាមេបញ្ជាការង។

ទី២. កងទ័ពបារាំង ត្រូវបែងចែកជាបីអង្គភាព គឺ៖ អង្គភាពទី១៖ មានភារកិច្ចយាមពួកឈ្លើយសឹកជប៉ុនដែលត្រូវដឹកចេញឲ្យអស់ពីទឹកដីវៀតណាម ក្នុងរយៈពេល៦ខែ។ អង្គភាពទី២៖ មានភារកិច្ចធ្វើកិច្ចសហប្រតិបត្តិការជាមួយកងទ័ពវៀតណាម នៅក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសវៀតណាម។ អង្គភាពទី៣៖ មានភារកិច្ចការពារមូលដ្ឋានកងទ័ពវៀតណាម។

ទី៣.រដ្ឋាភិបាលបារាំង សន្យាថានឹងមិនប្រើប្រាស់ឈ្លើយសឹកជប៉ុន ដើម្បីជាគុណប្រយោជន៍របស់កងទ័ពរបស់ខ្លួនឡើយ។
មួយថ្ងៃក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ នៅមុខរោងល្ខោនដ៏ល្បីល្បាញមួយនៅទីក្រុងហាណូយ ហូ ជីមិញ បានរៀបចំឱ្យមានអង្គមីទ្ទិញដ៏ធំមួយ ដោយមានមនុស្សប្រមាណ១០ម៉ឺននាក់ចូលរួម។
ជាដំបូង ឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ បានឡើងថ្លែងពន្យល់ប្រជាជនវៀតណាមថា សព្វថ្ងៃស្ថានការណ៍នយោបាយអន្តរជាតិបានប្រែក្រឡាស់អស់ទៅហើយ ដូច្នេះយើង(វៀតណាម)ត្រូវប្រឈមបញ្ហាចំពោះមុខគឺប្រយុទ្ធតស៊ូយូរអង្វែងបន្តទៅទៀត លុះត្រាបានសម្រេចជោគជ័យ ឬមួយត្រូវផ្អាកការប្រយុទ្ធតស៊ូ? តែទោះបីយើងចង់តស៊ូបន្តទៀតក្ដី ឬមិនចង់ក្ដី ក៏សភាពការណ៍នយោបាយអន្តរជាតិបានបង្ខំឲ្យយើងបញ្ឈប់មួយគ្រាសិន ព្រោះសហរដ្ឋអាមេរិក , អង់គ្លេស និងចិន ពួកគេនាំគ្នាកាន់ជើងបារាំងអស់ទៅហើយ ដូច្នេះយើងត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្ងៃទី៦ ខែមីនានោះ។

ឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ បានពន្យល់ពីផលចំណេញដែលបានមកពីកិច្ចព្រមព្រៀងថ្ងៃទី៦ ខែមីនានោះថា បារាំងបានទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមថា ត្រឹមជាសាធារណរដ្ឋសេរីប៉ុណ្ណោះ ដូច្នេះទោះបីយើងមិនទាន់បានទទួលឯករាជ្យពិតប្រាកដមែន តែយើងមានសេរីភាពច្រើនជាងមុន ។ សេរីភាពនេះហើយដែលនាំយើងឆ្ពោះទៅរកឯករាជ្យពិតប្រាកដនោះ។ មិនតែប៉ុណ្ណោះសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមយើងមានរដ្ឋាភិបាលតែមួយ, សភាតែមួយ, ហិរញ្ញវត្ថុតែមួយ និងកងទ័ពតែមួយដែលអាចជួយឲ្យយើងពង្រីកកម្លាំងឲ្យបានខ្លាំងក្លាថែមទៀត។

ចំពោះបញ្ហាទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) វិញ ឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ បានថ្លែងបញ្ជាក់ថា ចំណែកការបញ្ចូលទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ឲ្យមកជារបស់វៀតណាមនោះ ថ្វីដ្បិតតែពេលនេះនៅតែមានការតានតឹង មិនទាន់បានសម្រេចក៏ពិតមែន តែនៅទីបំផុតយើងសង្ឃឹមថាបារាំងនឹងយល់ព្រមឲ្យមានការបង្រួបបង្រួមទឹកដីតុងកឹង, អាណ្ណាម ព្រមទាំងកូសាំងស៊ីន(កម្ពុជាក្រោម)ផងដែរ ក្រោយពីបារាំងធ្វើប្រជាមតិនៅពេលខាងមុខនេះរួច។

ចំពោះការខាតបង់របស់វៀតណាមវិញ ឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ បានបញ្ជាក់ប្រាប់អង្គមីទ្ទិញថា មូលហេតុដែលយើងសុខចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងឲ្យបារាំង ចូលមកប្រទេសយើងវិញនោះ ក៏ដោយសារចិនបានចុះហត្ថលេខាយល់ព្រមឲ្យកងទ័ពបារាំង ចូលមកជំនួសគេដែរ។ ដូច្នេះយើងត្រូវតែបង្ខំចិត្តចរចាជាមួយបារាំង ព្រោះយើងមិនអាចនៅឯកោតែម្នាក់ឯងបានទេ ។ ជាការពិតហើយដែលថាយើងត្រូវតែរឹងមាំ តែពេលខ្លះយើងក៏ត្រូវទៅទន់ភ្លន់ទៅតាមស្ថានភាពជាក់ស្ដែងផងដែរ។

អ្នកឡើងមានមតិទី២ គឺ វូ ហុងខាញ់ ដែលជាមេដឹកនាំអ្នកជាតិនិយមវៀតណាម និងជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្ងៃទី៦មីនានោះ តែការលើកឡើងរបស់ វូ ហុងខាញ់ គឺមិនខុសគ្នាប៉ុន្មានពីការលើកឡើងរបស់ឧត្តមសេនីយ៍ វូ ង្វៀងយ៉ាប់ នោះទេ។

ចុងក្រោយ គឺហូ ជីមិញដែលជាតួឯកក្នុងអង្គមីទ្ទិញនោះ បានឡើងថ្លែងថាការពិត យើងទទួលបានឯករាជ្យតាំងពីខែសីហា ឆ្នាំ១៩៤៥ មកម្ល៉េះ តែគ្មានមហាអំណាចណាទទួលស្គាល់ឯករាជ្យយើងនោះទេ។ដូច្នេះកិច្ចព្រមព្រៀងដែលខ្ញុំទើបតែចុះហត្ថលេខាថ្មីៗនេះ(ថ្ងៃទី៦មីនា) គឺដើម្បីឱ្យមានការទទួលស្គាល់ឯករាជ្យហ្នឹងឯង។

ហូ ជីមិញ បានបញ្ជាក់បន្ថែមថា យើងចង់បង្រួបបង្រួមទឹកដីរបស់យើងទាំងបី គឺតុងកឹង, អាណ្ណាម និងកូសាំងស៊ីន(កម្ពុជាក្រោម) តែយើងមិនអាចទាមទារបានទាំងអស់ក្នុងពេលតែមួយបានទេ។

ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំង (ថ្ងៃទី៦មីនា)នោះ បាន១១ថ្ងៃ ហូ ជីមិញ បានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយង្វៀង ទុងតាំ ជាតំណាងអ្នកជាតិនិយម និងអតីតព្រះចៅបៅដាយ ដែលដូរឈ្មោះមកជា វិញ ធុយ ហើយនោះទៅជួបជៀង កាយជាក ប្រធានាធិបតីចិនជាតិនិយម និងលោកឧត្តមសេនីយ៍ម៉ា ហ្សាល ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន ដើម្បីទាក់ទងឲ្យរដ្ឋាភិបាលសាធារណរដ្ឋចិនជាតិនិយម និងសហរដ្ឋអាមេរិក ទទួលស្គាល់ និងគាំទ្ររបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ជាផ្លូវការ។

ជាមួយគ្នានោះដែរ ហូ ជីមិញ ក៏បានលួចបញ្ជូនគណៈប្រតិភូមួយក្រុមទៀតដែលសុទ្ធតែជាសមាសភាពពួកកុម្មុយនិស្តនិយម ឲ្យទៅជួបម៉ៅ សេទុង មេដឹកនាំបដិវត្តន៍កុម្មុយនិស្តចិន ដែលកំពុងស្ថិតនៅក្នុងខេត្តយូណាន ដើម្បីសុំការគាំទ្រពីមេដឹកនាំបដិវត្តន៍កុម្មុយនិស្តចិន រូបនេះផងដែរ៕