ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នេះ លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេលំដាប់ទី៩ នៅលើពិភពលោកបន្ទាប់ពីអាកាសយានដ្ឋាន Chicago O’Hare និងនាំមុខអាកាសយានដ្ឋានអន្តរជាតិបេកាំងរបស់ប្រទេសចិន Beijing Capital International ។ វា គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលបានសាងសង់នៅលើផ្ទៃដីទំហំ២ ៦០០ហិកតារ និងមានទុនវិនិយោគប្រមាណជា ១,៥ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ គ្រោងនឹងបញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕