យោងតាមរបាយកាណ៍ប៉ូលិសមួយដែលបណ្តាញសារព័ត៌មានស៊ីអិនអិនដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី ២មិថុនា ២០២០បានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១២ដែលជាឆ្នាំធ្វើកំណត់ត្រាដំបូង មកទល់នឹងមរណភាពរបស់លោក George Floyd ប៉ូលិសអាមេរិកបានប្រើវិធីសង្កត់ ក ទៅលើជនសង្ស័យយ៉ាងហោចណាស់៤២៨នាក់។ របាយការណ៍ដដែលនោះបានអោយដឹងទៀតថា ក្នុងចំណោមទាំង៤២៨នាក់នោះ មានជនជាតិស្បែកខ្មៅ២៨០នាក់ស្មើនឹង ៦៥% ជនជាតិស្បែកស១០៤នាក់ ជនជាតិអាមេរិក១៣នាក់ ចម្រុះពូជសាសន៍១៣នាក់ មិនស្គាល់សញ្ជាតិ១៤ និងជនជាតិអាស៊ី៤នាក់។

នៅក្នុងការធ្វើទារុណកម្មដោយយកក្បាលជង្គង់សង្កត់ ក ជនសង្ស័យនេះបានធ្វើអោយមនុស្ស៥៨នាក់ស្មើនឹង១៤ភាគយបាត់បងស្មារតីឬសន្លប់ ហើយក្រោយមកពួកគេបានរងរបួសតែគេមិនបានបញ្ជាក់ថាធ្ងន់ឬស្រាលនោះទេ។
មនុស្ស ៣៣ នាក់ក្នុងចំណោម ៥៨ នាក់ដែលបាត់បង់ស្មារតីគឺជនជាតិខ្មៅឬស្មើនឹង ៥៧% នៃចំនួនសរុបខណៈ ១៩ នាក់ជាជនជាតិស្បែកស ៣ នាក់ជាជនជាតិអាមេរិកាំង ២ នាក់ជាជនជាតិផ្សេងនិងម្នាក់ទៀតជាជនជាតិអាស៊ី។

ទោះជាមានករណីស្លាប់របស់លោក George Floyd ក៏ពិតមែនតែបើពិនិត្យមើលទិដ្ឋភាពរួមឃើញថាមានការធ្លាក់ចុះនៃការប្រើប្រាស់និតិវិធីបែបនេះក្នុងប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។ មនុស្ស ៧១ នាក់ទទួលរងការសង្កត់ ក ក្នុងឆ្នាំ ២០១២ ដែលជាឆ្នាំដំបូងនៃកំណត់ត្រាទិន្នន័យខណៈមាន៤៩ករណីបានកើតឡើងនៅឆ្នាំ ២០១៩។
សម្រាប់ទិន្នន័យឆ្នាំ ២០២០នេះមានត្រឹមតែ ១៤ ករណីប៉ុណ្ណោះស្មើនឹងពាក់កណ្តាលនៃចំនួនប្រាំខែដំបូងនៃឆ្នាំ ២០១៩ ។

គួររំឭកថា នៅសហរដ្ឋអាមេរិកកំពុងផ្ទុះបាតុកម្មហិង្សាគ្រប់ទីក្រុងនិងរដ្ឋហើយឆ្លងរាលដាលដល់បណ្តាប្រទេសមួយចំណួនទៀត ។បាតុកម្មហិង្សានេះបានផ្ទុះឡើងដោយសារមរណភាពរបស់លោកGeorge Floyd ក្រោយប៉ូលិសសង្កត់កស្លាប់ ។អីគឡូវនេះបាតុកម្មនៅតែបន្ត រហូតដល់លោកដូណាល់ ត្រាំចេញបទបញ្ជាប្រើកម្លាំងយោធានិង ប៉ូលិសបង្ក្រាបប្រសិនបើទីក្រុងឬរដ្ឋណាបរាជ័យមិនអាចគ្រប់គ្រងបាន។ ដើមហេតុដែលនាំអោយប៉ូលិសសង្កត់ ក ក៏ដោយសារតែបុរសនេះបានប្រើប្រាស់ក្រដាស់ប្រាក់២០ដុល្លារក្លែងក្លាយនៅក្នុងលក់អាហារមួយកន្លែងនៅរដ្ឋមីនីសូតាកាលពីចុងខែឧសភាកន្លងទៅ៕