ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយជប៉ុន ចាញ់សង្រ្គាម ហើយបារាំង ត្រឡប់មកត្រួតត្រាឥណ្ឌូចិន វិញ ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំង និងខ្មែរ បានចុះហត្ថលេខាលើអនុសញ្ញាមួយជាផ្លូវការ ដោយបារាំងយល់ព្រមទទួលស្គាល់ស្វ័យភាពខាងរដ្ឋបាលនៅកម្ពុជា។ ប៉ុន្តែបារាំង ត្រូវមានអភិបាលម្នាក់នៅពីលើ ក្នុងនាមជាទីប្រឹក្សានៅគ្រប់ទីស្តីការរដ្ឋមន្ត្រី និងនៅគ្រប់ខេត្តទាំងអស់ ហើយបារាំង នៅតែមានសិទ្ធិក្នុងការកាន់កាប់ហិរញ្ញវត្ថុ, កងទ័ព និងកិច្ចការបរទេសនៅកម្ពុជា ដដែល។ ជាមួយគ្នានេះ កម្ពុជានៅជាសមាជិកសហភាពបារាំងដែលមានប្រទេសអតីតអាណានិគមរបស់បារាំង ទាំងអស់ជាសមាជិក ។

ហូ ជីមិញ ជួបចរចាជាមួយមន្ត្រីបារាំង ថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៤៦
ហូ ជីមិញ ជួបចរចាជាមួយមន្ត្រីបារាំង ថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៤៦

អនុសញ្ញាថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ នេះ ក៍បានអនុញ្ញាតឲ្យកម្ពុជា មានរដ្ឋធម្មនុញ្ញមួយតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយឲ្យមានសិទ្ធិបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នាបោះឆ្នោតបង្កើតរដ្ឋាភិបាល ឡើងកាន់អំណាចដឹកនាំប្រទេស ផងដែរ។
នៅចុងឆ្នាំ១៩៤៥ ចិនជាតិនិយម (ចិនសេរី ជៀង កាជៀក) បានបញ្ជូនកងទ័ពខ្លួនប្រមាណ២០ម៉ឺននាក់ មកជួយបណ្ដេញកងទ័ពជប៉ុន ដែលនៅសេសសល់បន្តិចបន្តួច និងជួយការពារ មិនឲ្យកងទ័ពបារាំង វិលត្រឡប់មកត្រួតត្រានៅវៀតណាមភាគខាងជើង វិញនោះ ក៍មិនចង់ឲ្យពួកកុម្មុយនិស្ត ហូ ជីមិញ ឡើងកាន់អំណាចដែរ គឺចង់ឲ្យអ្នកជាតិនិយមវៀតណាម វិញ។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៤៦ ចិនជាតិនិយមនេះ និងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដោយសុខចិត្តប្រគល់ទឹកដីវៀតណាមដែលនៅភាគខាងជើងខ្សែបន្ទាត់ស្របទី១៧ ទៅបារាំងត្រួតត្រាវិញចំណែកបារាំង ក៏សុខចិត្តប្រគល់ទីក្រុងសៀងហៃ , ទីក្រុងជិនសិក , ទីក្រុងហាន់កូវ និងទីក្រុងក្វាន់ទុងដែលខ្លួនកាន់កាប់នោះ ទៅឲ្យប្រទេសចិនវិញ ហើយយល់ព្រមលក់ផ្លូវរទេះភ្លើងដែលខ្លួនបានកសាងនៅក្នុងខេត្តយូណាន ទៅឲ្យបារាំងចិន វិញទៀតផង។ ជាមួយគ្នានោះបារាំង បានសន្យាថានឹងយកចិត្តទុកដាក់ក្នុងការលើកស្ទួយសិទ្ធិសេរីភាពដល់ជនជាតិចិនទាំងឡាយដែលរស់នៅក្នុងតំបន់ឥណ្ឌូចិន ឲ្យមានសិទ្ធិស្មើគ្នាជាមួយនឹងជនជាតិដើមដែលជាម្ចាស់ប្រទេសនោះផងដែរ។​ ដោយសារតែចិន ប្រែក្រឡាស់កិច្ចសន្យារបស់ខ្លួនដោយអនុញ្ញាតឲ្យកងទ័ពបារាំងចូលមកកាន់កាប់វៀតណាមភាគខាងជើងវិញនោះ ហូ ជីមិញ មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) គ្មានជម្រើសអ្វីក្រៅពីសុំចរចាជាមួយបារាំង ជាមុនសិននោះឡើយ។

នៅក្នុងការចរចានោះ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) យល់ព្រមឲ្យកងទ័ពបារាំងចូលទៅបោះទីតាំងនៅទឹកដីរបស់ខ្លួន តែទាមទារឲ្យបារាំងប្រគល់ឯករាជ្យដល់ប្រទេសខ្លួនផងដែរ និងទាមទារឲ្យបារាំង ប្រគល់ទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ឲ្យមកជាទឹកដីរបស់វៀតណាម តែបើបារាំង មិនយល់ព្រមតាមការទាមទាររបស់ខ្លួនទាំងពីរចំណុចនេះទេ ពួកហូ ជីមិញ ក៏មិនព្រមឲ្យបារាំង ចូលមកបោះទីតាំងនៅលើទឹកដីរបស់ខ្លួនវិញដែរ។ ចំណែកភាគីបារាំងវិញ បានបដិសេធមិនឱ្យពួកវៀតមិញប្រើពាក្យថាបារាំង យល់ព្រមប្រគល់ឯករាជ្យឲ្យវៀតណាមនោះទេ គឺបារាំង សុខចិត្តទទួលយកដោយប្រើពាក្យថា បារាំង យល់ព្រមប្រគល់ឱ្យសេរីភាពឲ្យវៀតណាម ជំនួសពាក្យឯករាជ្យវិញ។

ចំណែកបញ្ហាប្រគល់ទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ទៅឲ្យវៀតណាម ឬយ៉ាងណានោះ បារាំង ប្រាប់ថា ត្រូវរង់ចាំនៅក្រោយពេលធ្វើប្រជាមតិសិន។
ដោយសារភាគីពួកកុម្មុយនិស្ត ហូ ជីមិញ នៅតែរក្សាគោលជំហរចង់កេងចំណេញច្រើនពេក ធ្វើឲ្យការចរចាកាន់តែមានសភាពប្រទាញប្រទង់ និងស្មុគស្មាញឡើងៗ ការចរចាបានឈានដល់ភាពទាល់ច្រក។
ភាគីចិនជាតិនិយមក៏សម្រេចចូលធ្វើអន្តរាគមន៍ ដោយធ្វើការសង្កត់លើភាគីកុម្មុយនិស្ត ហូ ជីមិញ ឱ្យបន្ទន់ឥរិយាបថ និងធ្វើសម្បទានខ្លះចំពោះបារាំង។

ហូ ជីមិញ ជួបចរចាជាមួយមន្ត្រីបារាំង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦
ហូ ជីមិញ ជួបចរចាជាមួយមន្ត្រីបារាំង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦

នៅទីបំផុត កិច្ចព្រមព្រៀងរវាងភាគីរដ្ឋាភិបាលបង្រួបបង្រួមជាតិវៀតណាម (មានហូជីមិញតំណាងឱ្យពួកវៀតមិញ និងវូ ហុងខាញ់ តំណាងឱ្យអ្នកជាតិនិយមវៀតណាម) និងបារាំង ដែលគេឲ្យឈ្មោះថាកិច្ចព្រមព្រៀងទីក្រុងហាណូយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦ ក៏បានប្រព្រឹត្តឡើង។

កិច្ចព្រមព្រៀងនេះ មាន៣ចំណុចសំខាន់ គឺ៖
ទី១. រដ្ឋាភិបាលបារាំង ព្រមទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម មានរដ្ឋតុងកឹង និងអាណ្ណាម ជារដ្ឋសេរី ដែលមានរាជរដ្ឋាភិបាលតែមួយ , សភាតែមួយ , កងទ័ពតែមួយ និងមានហិរញ្ញវត្ថុតែមួយ ហើយរដ្ឋនេះត្រូវស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនរបស់សហភាពបារាំង។

លោក ហូ ជីមិញ និង លោកសាំងតូនី (Sainteny ) ជួបគ្នាឆ្នាំ​ ១៩៤៦
លោក ហូ ជីមិញ និង លោកសាំងតូនី (Sainteny ) ជួបគ្នាឆ្នាំ​ ១៩៤៦

ចំណែកការបញ្ចូលទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ឲ្យទៅជាទឹកដីរបស់វៀតណាម ឬយ៉ាងណានោះត្រូវធ្វើតាមរយៈការធ្វើប្រជាមតិមួយនៅពេលក្រោយ។
ទី២. រាជរដ្ឋាភិបាលវៀតណាម ប្រកាសយល់ព្រមឲ្យកងទ័ពបារាំង ក្នុងនាមជាសម្ព័ន្ធមិត្ត ចូលមកបោះទីតាំងនៅលើទឹកដីរបស់ខ្លួនជំនួសកងទ័ពរដ្ឋាភិបាលចិនជាតិនិយមជាងកៃជៀក។
ចំណុចទី២នេះ មានឧបសម្ព័ន្ធដោយឡែកមួយទៀត ចែងអំពីរបៀបរបបដែលកងទ័ពបារាំង ចូលទៅជំនួសកងទ័ពចិននោះ។

ទី៣. កិច្ចព្រមព្រៀងនេះនឹងត្រូវចាប់អនុវត្តភ្លាមៗ ក្រោយពីការចុះហត្ថលេខា ដើម្បីឈានទៅរកការចរចាកំពូលរវាងបារាំងនិងវៀតណាម ស្ដីអំពីឯករាជ្យរបស់វៀតណាម និងលក្ខន្តិកៈនៃអនាគតរបស់ឥណ្ឌូចិន បន្តទៀត។

អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីរដ្ឋាភិបាលបង្រួបបង្រួមជាតិវៀតណាម មានហូជីមិញតំណាងឱ្យពួកវៀតមិញ និងវូ ហុងខាញ់ តំណាងឱ្យអ្នកជាតិនិយមវៀតណាម ។ ចំណែកភាគីបារាំងមាន៖ លោកសាំងតូនី (Sainteny ) និងលោកអាហ្សង់ លីយើ(Argenlieu) ៕