បរទេស៖ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្តល់ការអនុញ្ញាតឱ្យពាណិជ្ជករចិនចូលទៅប្រទេសវៀតណាម ដើម្បីទិញផ្លែគូលែន នៅក្នុងស្រុកលូងណាម ខេត្តបាកយ៉ាងភាគខាងជើង ដែលជាមជ្ឈមណ្ឌលដាំដុះ ផ្លែគូលែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

លោក Nguyen Xuan Phuc បាននិយាយថា ភាគីចិនកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមភាគីវៀតណាមរបស់ពួកគេចំពោះបញ្ហានេះ។ ពាណិជ្ជករនឹងត្រូវបង្ហាញវិញ្ញាបនប័ត្រអវិជ្ជមាន Covid-19 ដែលចេញដោយអាជ្ញាធរចិន។ នៅពេលមកដល់ប្រទេសវៀតណាម​ ពួកគេនឹងត្រូវបានគេដាក់នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក់ចំនួនប្រាំនៅបាកយ៉ាង។

បន្ទាប់ពីនោះអ្នកដែលធ្វើតេស្តអវិជ្ជមាន​ នឹងត្រូវបានផ្តល់វិញ្ញាបនប័ត្រដោយនិយាយថាពួកគេគ្មានមេរោគហើយត្រូវបានអនុញ្ញាតឱ្យធ្វើអន្តរកម្មជាមួយកសិករក្នុងស្រុក។

ចាប់តាំងពីថ្ងៃទី២២ ខែមីនា ប្រទេសវៀតណាម មិនបានអនុញ្ញាតជនជាតិបរទេសចូលក្នុងប្រទេសឡើយ លើកលែងតែអ្នកដែលមានលិខិតឆ្លងដែនការទូត និងផ្លូវការ ហើយអ្នកគ្រប់គ្រងអាជីវកម្ មអ្នកជំនាញ និងកម្មករដែលមានជំនាញខ្ពស់តែប៉ុណ្ណោះ។ ហើយទាំងអស់គ្នាត្រូវបានទុកឲ្យរស់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ផងដែរ។ ករណីពិសេសផ្សេងទៀតដែលស្វែងរកការចូលត្រូវតែបានការអនុញ្ញាតដោយនាយករដ្ឋមន្រ្តីផ្ទាល់តែម្ដង។

គួរជម្រាបថា ស្រុកលូងណាម មានដីដាំដំណាំផ្លែឈើចំនួន១៥.២៩០ហិកតា ហើយទំនងជាអាចផលិតបាន ៨៥.០០០តោននៅឆ្នាំនេះ។ ក្នុងចំណោមនេះ៣៤.០០០តោន គឺជាផ្លែឈើស្រស់សម្រាប់ទីផ្សារក្នុងស្រុក៣៦.០០០ សម្រាប់នាំចេញនិង១៥.០០០ សម្រាប់កែច្នៃ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបទ ផ្លែឈើរបស់ប្រទេសវៀតណាម ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិន ប៉ុន្តែបរិមាណតូចជាងនេះក៏បាននាំចេញទៅប្រទេសនានាដូចជានៅមជ្ឈឹមបូព៌ា និងសហភាពអ៊ឺរ៉ុប​ រុស្ស៊ី អាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង សឹង្ហបូរី ថៃ និងអូស្ត្រាលី ៕