បរទេស៖ អ្នកទេសចរម្នាក់ដែលបានទៅលេងកម្សាន្ដនៅបឹង Ozarks ស្ថិតនៅក្នុងតំបន់ទេសចរណ៌ Missouri ប្រទេសអាមេរិក ដើម្បីប្រារព្ធពិធីជប់លៀងមួយនៅក្នុងបារ Backwater Jacks Bar & Grill បានធ្វើតេស្ដរកឃើញថាមានផ្ទុក COVID-19 កាលពីថ្ងៃទី២៩ ខែឧសភា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

យោងតាមនាយកដ្ឋានសុខាភិបាល Camden County បានអោយដឹងថា​ កម្មវិធីនេះជាពិធីជប់លៀងដើម្បីអបអរសាទររដូវក្តៅរបស់ខ្លួនដែលមានឈ្មោះថា“ Zero Ducks Given Pool Party” កាលពីថ្ងៃទី២៤ និង២៥ ខែឧសភា។ ហើយម្ចាស់បារនោះបានហៅឌីជេ រួមទាំងក្រុមតន្រ្តីជាច្រើនដែលសម្តែងនៅទូទាំងព្រឹត្តិការណ៍ដើម្បីញ៉ាំងឲ្យបរិយាកាសកាន់តែរីករាយ។

បន្ទាប់មកនាថ្ងៃទី២៩ ខែឧសភា មានមនុស្សម្នាក់ដែលបានចូលរួមក្នុងពិធីជប់លៀងបានធ្វើតេស្ដរកឃើញថាឆ្លង COVID-19។ បច្ចុប្បន្ននេះគាតត្រូវបានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយក្រុមមន្រ្ដីកំពុងស្វែងរកអត្តសញ្ញាណមនុស្សផ្សេងទៀតដែលបានចូលរួមក្នុងពិធីជប់លៀងនេះ។

គួរបញ្ជាក់ថាម្ចាស់បារនេះបាននិយាយថា“ កន្លែងនេះបានធ្វើការជាមួយនិងទទួលយកដំបូន្មានរបស់មន្រ្តីរដ្ឋាភិបាល និងក្រុមគ្រប់គ្រង ហើយនឹងធ្វើតាមគោលការណ៍ណែនាំពីការឃ្លាតឆ្ងាយពីសង្គម។ ពួកគេបាននិយាយទៀតថា បុគ្គលិកពេទ្យត្រូវបានជួលសម្រាប់ព្រឹត្តិការណ៍នេះហើយអ្នកដែលមានសីតុណ្ហភាពលើសពី៣៨អង្សាសេ ត្រូវបានគេបដិសេធមិនឱ្យចូល អនាម័យដៃក៏ត្រូវបានផ្តល់ជូនផងដែរ។

ដោយឡែក CDC និយាយថាជំងឺ Coronavirus ទំនងជាមិនរាលដាលក្នុងទឹកទេប៉ុន្តែវាឆ្លងតាមរយៈមនុស្សដែលនៅជិត។ ស្ថិតនៅចម្ងាយយ៉ាងតិច៦ហ្វីត ពីអ្នកដទៃគឺមានសារៈសំខាន់ជាពិសេសនៅតាមអាងហែលទឹក​ ឬឆ្នេរខ្សាច់ ពីព្រោះម៉ាស់គឺមិនមានប្រសិទ្ធិភាពនៅក្នុងទឹកទេ ៕