បរទេស៖ អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ប្រធានគណៈកម្មការសុខាភិបាលរបស់សភាអាមេរិក លោក Lamar Alexander កាលពីថ្ងៃ ទី២៩ ខែឧសភា បានប្រកាសថា ការសម្រេចខាងលើ របស់ប្រធានាធិបតីដូណាល់ ត្រាំ ដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក គឺមិនអាចទទួលយកបានឡើយ ។ លោក Lamar Alexander មិនគាំទ្រដល់សកម្មភាពទាំងនោះឡើយ។

មន្ត្រីអាមេរិកបញ្ជាក់ទៀតថា ការដកខ្លួនចេញពី WHO នឹងប៉ះពាល់ដល់ការខិតខំសហការផលិតវ៉ាក់សាំង ក៏ដូចជាសកម្មភាពរបស់ អង្គការWHO ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែឧសភា (ត្រូវនឹងព្រឹកថ្ងៃ ទី៣០ ខែឧសភា ពេលវេលានៅកម្ពុជា) នៅក្នុងសន្និសីទកាសែតមួយនៅសេតវិមាន ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាសបញ្ចប់ទំនាក់ទំនងទាំងស្រុងជាមួយ អង្គការសុខភាពពិភពលោក WHO ទាំងការផ្តល់ជំនួយដល់អង្គការនេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលអាមរិកចោទប្រកាន់អង្គការនេះដោះស្រាយបញ្ហាកូវីដ-១៩ មិនបានល្អ។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា WHO មិនមានការកែទម្រង់ចាំបាច់ តាមដែលអាមេរិកចង់បាន។ ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា អាមរិក នឹងមិនបញ្ជូនប្រាក់ជំនួយទៅឲ្យអង្គការWHO ឡើយ ដោយអាមេរិកបង្វែរប្រាក់ទាំងនោះទៅលើវិស័យសុខាភិបាលផ្សេងទៀតដែលចាំបាច់ជាង ។

ការសម្រេចខាងលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ពិសេសគឺគណបក្សប្រជាធិបតេយ្យ។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានលើកឡើងថារដ្ឋាភិបាលអាមេរិក បានបញ្ចប់ការផ្តល់ជំនួយដល់ WHO ក្នុងពេលអង្គការនេះកំពុងតែធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩នៅលើពិភពលោក គឺជារឿងមិនសមហេតុផល ។ លោកស្រី Nancy Pelosi បានបញ្ជាក់ទៀតថា អាមេរិកអាចយកឈ្នះក្នុងសង្គ្រាម ប្រឆាំងកូវីដបានលុះត្រាតែបានសហការជាមួយសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះដែរ អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា អង្គការនេះនិឺងជំរុញបើកការស្រាវជ្រាវដោយឯករាជ្យទៅលើ បញ្ហាកូវីដ-១៩នៅក្នុងពេលសមស្រប ។ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមវាយតម្លៃដោយមានតម្លាភាព និង មានការទទួលខុសត្រូវខ្ពស់។
សហគមន៍អន្តរជាតិ បាន ថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីអាមេរិក ដែលបានដកអាមេរិកចេញពីអង្គការWHO គឺជារឿងមិនសមហេតុផល ដោយក្នុងពេលពិភពលោកកំពុងប្រឈមសង្គ្រាមប្រឆាំងកូវីដ- ១៩ អាមេរិកដកខ្លួនចេញពី អង្គការWHO ទៅវិញ ៕