ខេត្តកំពត៖ កម្មកររោងចក្រស៊ីម៉ងត៍ភ្នំល្អាង២នាក់ ខណៈឡើងបំផ្ទុះយកថ្មភ្នំមិនប្រយ័ត្ន ពេលផ្ទុះថ្មភ្នំឡើង បានស្លាប់ក្រោមបំណែកថ្ម គួរឲ្យអាណោចអាធ័មបំផុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤៖៤០នាទីរសៀលនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំមួយកន្លែងស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ រួមមាន៖ទី១ឈ្មោះ គុណ រ៉ាល់ ហៅតាល់ អាយុ២៩ឆ្នាំ និងទី២ឈ្មោះ ញឹប សារុន អាយុ៣៣ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ រស់នៅក្នុងភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ។
មន្រ្តីនគរបាលស្រុកដងទង់ បានឱ្យដឹងថា មុនពេលកើតហេតុ កម្មករ២នាក់ ដែលធ្វើការក្នុងក្រុមហ៊ុនផលិតស៊ីម៉ងត៍ភ្នំល្អាង (រោងចក្រថៃប៊ុនរុង) បានឡើងទៅបំផ្ទុះយកថ្មភ្នំសម្រាប់ផលិតស៊ីម៉ងត៍ក្នុងរោងចក្រ។ តែដោយសារខ្វះការប្រុងប្រយ័ត្ន ត្រូវបំណែកថ្មដែលផ្ទុះឡើងនោះ ធ្លាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មទាំងពីរនាក់ ហើយត្រូវក្រុមការងារកាយរកឃើញនៅក្រោមគំនរថ្ម និងបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ករណីនេះ ក្រុមហ៊ុន ថៃប៊ុនរុង បានសងសំណងទៅលើសាកសព ក្នុងម្នាក់ៗ ៣៥,០០០ដុល្លារ និងថវិកាចូលរួមបុណ្យសពម្នាក់ ៤,០០០,០០០រៀលផងដែរ៕