ភ្នំពេញ៖ បុគ្គលិក្រុមហ៊ុនឥណទានវីរស័កហ្វាយនែនម្នាក់ស៊ីដាច់លុយក្រុមហ៊ុនអស់ចំនួន១៧.៥៨៣ដុល្លារ ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា កាលពីវេលាម៉ោង ២២:០០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនវីរស័កហ្វាយនែន ផ្ទះលេខ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ រើន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឥណទាន វីរស័កហ្វាយនែន ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកដើមបណ្តឹងឈ្មោះ ប៉ែន ជាលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ តំណាងក្រុមហ៊ុនឥណទានវីរស័កហ្វាយនែន ស្នាក់នៅផ្ទះលេខ១១K ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ដើមបណ្តឹងបានឲ្យដឹងថា ក្នុងអំឡុងខែខែកក្កដា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានឲ្យជនសង្ស័យដើរប្រមូលលុយពីអតិថិជន។ ប៉ុន្តែពេលប្រមូលបាន ជននេះមិនបានយកមកប្រគល់ឲ្យក្រុមហ៊ុននោះទេ រហូតដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២០ខាងក្រុមហ៊ុនបានឆែកបញ្ជីមើល ឃើញបាត់លុយចំនួន១៧.៥៨៣ដុល្លា ក៏ហៅជនសង្ស័យមកសួរនាំ ពេលនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកលុយចាយអស់ហើយ ទើបខាងក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យ និងម៉ូតូស្គូពី០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1GV-8749 របស់ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕