ភ្នំពេញ៖ បុរសម្នាក់មិនស្រួលខ្លួនទៅរកនាងៗកោសជប់ឲ្យ ក្រោយពេលកោសជប់រួច ស្រាប់តែផ្អើលឆោឡោព្រោះនាងៗបន្លំលួចយកលុយអស់១៥០០ដុល្លារ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង២៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង នៅតាមផ្លូវលេខ១៩១០ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះសន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ ៣៤០ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់លុយចំនួន១.៥០០ដុល្លារ។
លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ បានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់៖ ទី១-ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា , ២-ឈ្មោះ សា ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា , ៣-ឈ្មោះ ញ៉េប ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និង៤-ឈ្មោះ ញ៉េប វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ។ ទាំង៤នាក់ស្នាក់នៅផ្ទះជួល ទីតាំងកើតហេតុខាងលើ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕