រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​អោយ​បាន​ជ្រាប​បន្ថែម លើ​ការ​ប្រកាស​របស់​ធនាគារជាតិនៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ​នេះ គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ $1, $2, និង $5 គឺ​នៅ​តែ​ចាយ​បាន​ធម្មតា នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស គឺ​មិន​មានការ​ហាមប្រាម មិន​អោយ​ចាយ​ដូច​ពាក្យ​ច​ចាម​អារាម​នោះ​ទេ ។

ក្នុង​ករណី ប្រសិនបើ​មានការ​បញ្ឈប់​អោយ​ចរាចរណ៍​ចាយ​លុយ​ក្រដាស់ប្រាក់​អា​មេ​រិ​ក ប្រភេទ​ខាងលើ​នេះ គឺ​ប្រាកដជា​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិ នៃ​កម្ពុជា មិន​ខាន ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អា​មេ​រិ​ក​ប្រភេទ ($1,$2,$5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក ឬ​កាត់​ផុ​ក​អ្វី​ទាំងអស់ ។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សំណាងល្អ និង​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ទាំងអស់​គ្នា ។

សូមជម្រាបថា ប្រជាពលរដ្ឋជាច្រើនលើកឡើងតាមបណ្ដាញសង្គម ថាមានអាជីវករតាមផ្សារមួយចំនួន ចាប់ផ្ដើមមិនទទួលយកក្រដាសប្រាក់ទាំងនេះ សម្រាប់ការទូទាត់ទំនិញឡើយ ខណៈធនាគារជាតិបានចេញសេចក្តីប្រកាសថ្មីមួយទៀតនៅល្ងាចថ្ងៃទី២៨ ឧសភា ២០២០ ដោយបញ្ជាក់ថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារនៅតែអាចទូទាត់និងចាយវាយបានដដែលនៅលើទីផ្សារ ។ យ៉ាងណាក៏ដោយ មានអាជីវករតាមផ្សារ និងកន្លែងលក់ទំនិញដទៃទៀត ហាក់មានការរើសអើសទៅលើក្រដាសប្រាក់ដុល្លារទាំងបីប្រភេទ ដោយដូរកាត់ទឹក គឺ១ដុល្លារ បានក្រោម៤,០០០រៀល ។

សូមរម្លឹកថា បញ្ជាក់ម្ដងទៀត ! ក្រដាស់ប្រាក់​ដុល្លារ​អា​មេ​រិ​ក ១$ ២$ និង​៥$ នៅ​ចាយ​បាន​ធម្មតា មិន​មានការហាមឃាត់​ទេ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្តី​ពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ និង​ផលវិបាក​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ​ ៕