ភ្នំពេញ៖ ធនាគារ​ពិភព​លោក World Bank នៅ​ថ្ងៃទី២៩ ខែឧសភា​នេះ ទើប​តែ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ស្តីពី បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ចុង​ក្រោយ​សម្រាប់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «កម្ពុជា​នៅ​ក្នុង​កាលៈ​ទេសៈ​មាន​វិបត្តិ​កូវីដ​១៩» (Cambodia in the Time of COVID-19)  ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​ពេល​៣០ឆ្នាំ​មក​នេះ កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ ហើយ​ថា ក្នុង​ស្ថាន​ភាព​នេះ ភាព​ក្រីក្រ​ក្នុង​ឆ្នាំ២០២០ អាច​នឹង​កើន​ឡើង​ពី ៣ ទៅ ១១ ភាគរយ ដែល​ខ្ពស់​ជាង​កម្រិត​នៅ​ខ្សែ​បន្ទាត់​គោល ឬ​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា កម្រិត​នៅ​ពេល​ដែល​គ្មាន​ជំងឺ​កូវីដ​១៩​។

ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើ​ក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះមានវិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ជាដើម ដែលទាំងអស់នេះ តំណាងឱ្យជាង ៧០ភាគរយ នៃកំណើនសេដ្ឋកិច្ច និង​ផ្តល់ការងារ​មាន​កម្រៃ​ប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ ដោយសារមូលហេតុនេះហើយ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ​ត្រូវ​បានគេ​រំពឹងទុកថា ​នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះ តាំងពីឆ្នាំ១៩៩៤មក ដោយ​វានឹ​ងថមថយរហូតដល់រវាង -1 និង​ -2.9 ភាគរយ។ នេះបើតាមការ​ឱ្យ​ដឹងពីរបាយការណ៍ ស្តីពី «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ដែលជា​របាយការណ៍​របស់ធនាគារពិភពលោក ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ច​ចុងក្រោយ​​​​​ សម្រាប់​ប្រទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៩ ឧសភានេះ។

បើតាមធនាគារពិភពលោក នៅក្នុងស្ថានភាពនេះ ភាពក្រីក្រនៅកម្ពុជា​ក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ដែលខ្ពស់ជាង​កម្រិត​នៅ​ខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩។ ពិសេស​ក្នុងចំណោមក្រុម​គ្រួសារ​ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មានជាអាទិ៍ វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និង​ឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា។ ជាមួយគ្នានេះ ឱនភាពសារពើពន្ធ​ នឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន ក្នុងកំឡុងពេល២២ឆ្នាំកន្លងមកនេះ។

របាយការណ៍របស់ធនាគាពិភពលោកក៏បានលើកឡើងទៀតថា ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យ​ការងារ​របស់មនុស្សយ៉ាងហោចណាស់ ១.៧៦ លាននាក់ ស្ថិតក្នុងហានិភ័យ។ របាយការណ៍នេះក៏បាន​ព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះ វា​នឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យ​ស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ ទៀតផង។ កម្ចីមិនដំណើរការ(កម្ចីខូច) ត្រូវ​បាន​រំពឹងថា ​នឹង​អាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទាន​បច្ចុប្បន្ន ដែលត្រូវបានធ្វើកន្លងមកចំពោះ​វិស័យសំណង់, អចលនទ្រព្យ និងការលក់-ទិញ លំនៅឋាន តាមរយៈការបង់រំលស់ជាដើម ៕