ថ្មីៗនេះក្រុមហ៊ុន Google ត្រូវបានប្ដឹងដោយអគ្គរដ្ឋអាជ្ញានៃរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ជុំវិញនឹងការចោទប្រកាន់ថាក្រុមហ៊ុននេះបានធ្វើការតាមដានទីតាំងរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធប្រតិបត្តិការ អេនដ្រយ(Android) ដោយខុសច្បាប់ និងគ្មានការយល់ព្រមពីពួកគេ ទោះបីជាពួកគេបានបិទមុខងារតាមដានទីតាំង (Location) នេះដោយខ្លួនឯងហើយក៏ដោយ នេះបើយោងតាមការផ្សព្វផ្សាយពីសារព័ត៌មាន វ៉ាស៊ីនតោនផុស កាលពីថ្ងៃពុធកន្លងទៅនេះ ។

ការចោទប្រកាន់នេះទាក់ទងទៅនឹងក្រុមហ៊ុនបន្តតាមដានទីតាំងរបស់អ្នកប្រើប្រាស់ ជាមួយកម្មវិធីអាកាសធាតុ និងការស្វែងរកគេហទំព័រផ្សេងៗនៅលើកម្មវិធី Chrome ទោះបីជាអ្នកប្រើប្រាស់បានបិទមុខងារនេះនៅក្នុងកម្មវិធីនិមួយៗនោះក៏ដោយ ហើយបែរជាតម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅបិទមុខងារតាមដានទីតាំងនៅក្នុង Settings ដែលប្រកបដោយភាពស្មុគស្មាញទៅវិញ។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅក្រុមហ៊ុន Google ក៏បានជួបនឹងបញ្ហាស្រដៀងគ្នានឹងករណីខាងលើនេះដែរ ហើយក្រុមហ៊ុនក៏បានរងការផាកពិន័យជាច្រើនលើកច្រើនសារផងដែរ ដូចជានៅពេលថ្មីៗនេះ សហភាព​អឺរ៉ុបបានផាកពិន័យក្រុមហ៊ុន​ Google ចំនួន១.៧ពាន់លានដុល្លារ ទាក់ទងទៅនឹងការរំលោភបំពានក្នុងការប្រើប្រាស់ទិន្នន័យដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទូរសព្ទវៃឆ្លាតទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះមុខងារតាមដានទីតាំងនេះ បើមិនមានការចាំបាច់ប្រើសូមកុំបើកវាអី ឬមុននឹងចូលប្រើកម្មវិធីផ្សេងៗទាក់ទងទៅនឹងអ៊ីនធឺណិត សូមចូលទៅបិទដោយផ្ទាល់ផង ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា