ខេត្តកំពង់ឆ្នាំង៖ មេប៉ុស្តិ៍នគរបាលម្នាក់ ពេលត្រឡប់មកពីយកដីការបស់តុលាការទៅឱ្យម្តាយរបស់ជនដៃដល់ ត្រូវជនដៃដល់ជើងខ្លាំងម្នាក់ស្ទាក់ផ្លូវយកដំបងប៉ុនកំភួនជើង មកវាយចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុច១០៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។
ជនរងគ្រោះ ឈ្មោះឃួន ខន មានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាលឃុំក្តុលសែនជ័យ។ ចំណែកជនសង្ស័យ ឈ្មោះដួង វង អាយុ២៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជានាយប៉ុស្តិ៍រដ្ឋបាល បានយកដីការបស់តុលាការទៅឱ្យស្ត្រីម្នាក់ឈ្មោះ ដួង ទូច អាយុ៥៧ឆ្នាំ (ជាចុងបណ្តឹង) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ លុះពេលប្រគល់ដីកាឱ្យស្ត្រីនោះរួច ជនរងគ្រោះក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវជនសង្ស័យដែលត្រូវជាកូនបង្កើតរបស់ស្ត្រីរូបនេះ មកស្ទាក់ផ្លូវយកដំបងប៉ុនកំភួនជើង ប្រវែងជាង១ម៉ែត្រ មកវាយចំក្បាលលោកមេប៉ុស្តិ៍ បណ្តាលឱ្យរងរបួសធ្ងន់ រួចជនសង្ស័យរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ រហូតដល់ម៉ោងជាង៧យប់ថ្ងៃដដែល ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនស្ទាក់វាយលោកមេប៉ុស្តិ៍បែបនេះ ដោយសារតែខ្លួនបានឃើញលោកមេប៉ុស្តិ៍រូបនេះបានយកដីការបស់តុលាការមកឱ្យម្តាយរបស់ខ្លួនញឹកញាប់ពេក ទើបទប់អារម្មណ៍មិនបាន ក៍ស្ទាក់ផ្លូវយកដំបងប៉ុងកំភួនជើង ប្រវែងជាង១ម៉ែត្រ មកវាយចំក្បាលលោកស្ទាក់វាយ មេប៉ុស្តិ៍នេះតែម្តងទៅ ដើម្បីព្រមាន ក្រោយៗកុំឲ្យយកដីការបស់តុលាការមកឱ្យម្តាយរបស់ខ្លួនទៀត។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស កសាងសំណុំរឿងបញ្ជូនទៅជំនាញស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕