បរទេស ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហ្វូងសត្វកណ្ដូបរាប់សែនលានក្បាល បានវាយប្រហារស៊ីបំផ្លាញដំណាំពលរដ្ឋរបស់ឥណ្ឌា នៅទីក្រុង Jaipur ខណៈដែលប្រទេសនេះ កំពុងរងគ្រោះពីប្រហារពីជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ គឺព្យុះស៊ីក្លូន Amphan ។

សូមបញ្ជាក់ថា ហ្វូងសត្វកណ្ដូប បានស៊ីបំផ្លិចបំផ្លាញដំណាំរបស់កសិករជិត១២៥០០ហិកតា ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរ និងកសិករឥណ្ឌា បានខិតខំរកគ្រប់វិធី ដើម្បីបណ្ដាញសត្វកណ្ដូបទាំងនោះចេញ ដោយការដេញគប់ដុំថ្ម និងបង្កាត់ភ្លើងដុតជាដើម តែមិនបានផលឡើយ។

តាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌាថា ហ្វូងសត្វកណ្ដូបទាំងនោះ ចំនួនប្រហែល៤០លានក្បាល ហើយចាប់តាំងពីឆ្នាំ១៩៩៣ មក ប្រទេសឥណ្ឌា មិនដែលមានសត្វកណ្ដូបច្រើនបែបនេះទេ៕