រាជធានី​ភ្នំពេញ ៖ លោកស្រី ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ថ្លែងប្រាប់​វិទ្យុ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៨ ឧសភា​នេះ​ថា អាជ្ញាធរ​កម្ពុជា​ បាន​កត់ត្រា​ចំនួន​ស្ត្រី​ខ្មែរ ១១១​នាក់​ហើយ ដែល​ក្រោយ​ពួក​គេ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ ដោយ​ពួក​គេ​អះអាង​ថា ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​ជនជាតិ​ចិន ឬ​រៀប​ការ​ក្លែងក្លាយ ។​

​លោកស្រី បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ទាំងនោះ​ចេញ​ទៅ​ប្រទេស​ចិន តាំងពី​ឆ្នាំ​មុន​ៗមកម៉្លេះ ហើយ​ពួក​គេ​ទើប​ត្រឡប់​មក​វិញ​ ក្នុង​ឆ្នាំ​២០១៩ ។​

​លោកស្រី បន្ត​ថា បើ​តាម​ចម្លើយ​របស់​ស្ត្រី​ទាំងអស់ពួក​គាត់​និយាយ​ថា មាន​អាពាហ៍ពិពាហ៍​ទៅ​ប្រទេស​ក្រៅ​ហ្នឹង ដោយ​បង្ខំ ។ ប៉ុន្តែ​មាន​ពេល​ខ្លះ​មិន​ទាន់​សន្មត ១០០​ភាគរយ​ទេ ដោយសារ​យើង​ត្រូវការ​ការ​អង្កេត​នៅ​លើ​ករណី​អស់ហ្នឹង​ទៀត ប៉ុន្តែ​ភាគច្រើន​ស្ត្រី​អស់​ពួក​គាត់​មាន​បញ្ហា​ត្រង់​ថា ពេល​ដែល​គាត់​ទៅ​ហើយ ពេល​ដែល​គាត់​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​បញ្ហា អ៊ីចឹង​គាត់​ចង់​ត្រឡប់​មក​វិញ​ ។ អ៊ីចឹង គាត់​ចាត់​ទុក​ថា អ្វី​ដែល​គាត់​បាន​គូស្រករ​នៅ​ទីនោះ គឺជា​រឿង​ក្លែងក្លាយ ។​

​លោកស្រី ជូ ប៊ុ​ន​អេ​ង បន្ថែម​ថា ពួក​គេ​ចាញ់បោក​មេខ្យល់ ទើប​ធ្លាក់ខ្លួន​ទៅ​នៅ​ប្រទេស​ចិន ហើយ​រៀប​ការ​ជាមួយ​ជនជាតិ​ចិន​នៅ​ទីនោះ ។​

​ចំពោះ​ការ​រៀប​ការ​ក្លែងក្លាយ​ក៏​មាន​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ដែល​ទៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប​ផង​ដែរ ប៉ុន្តែ​លោកស្រី​ថា ស្ត្រី​ខ្មែរ​ទាំងនោះ មិន​បាន​រាយការណ៍​មក​អាជ្ញាធរ​នោះ​ទេ ។​

​លោកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ហើយ​ក៏​មិន​មាន​ន័យ​ថា​ទៅ​ប្រទេស​ដទៃ​មិន​មាន​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ដែរ​។ យើង​ក៏​ធ្លាប់​ដឹង​ដែរ សូ​ម្បី​តែ​ទៅ​សហរដ្ឋអាមេរិក ប្រទេស​អូស្ត្រាលី ឬ​មួយ​ក៏​ទៅ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​មាន​ពេល​ខ្លះ គេ​ហៅ​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ដែរ​តើ​។ ប៉ុន្តែ​ពួក​គាត់​ច្រើន​តែ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​គោលដៅ​ហ្នឹង​ទៅ ហើយ​គាត់​មិន​ដែល​បាន​រាយការណ៍​ត្រឡប់​មក​វិញ​ពី​រឿង​ការ​ចង់​ត្រឡប់​មក​ស្រុក​វិញ​ទេ ពីព្រោះ​គាត់​គ្រាន់តែ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បាន​ទៅ​ស្រុក​គេ​។ ប៉ុន្តែ​ដូច​នៅ​ប្រទេស​ចិន​អ៊ីចឹង ដោយសារ​គាត់​រស់នៅ​ទីនោះ​អត់​បាន ដោយសារ​តែ​ទំនៀមទម្លាប់ ឬ​មួយ​ក៏​ប្រពៃណី​នៅ​ក្នុង​ការ​រស់នៅ​ក្នុង​គ្រួសារ​វា​ខុស​គ្នា ហើយ​ទទួល​សម្ពាធ​ផ្លូវចិត្ត ផ្លូវ​កាយ​អីហ្នឹង គាត់​នៅ​អត់​បាន​» ។​

​លោកស្រី ជូ ប៊ុ​ន​អេ​ង ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ដែល​ចង់​រៀប​ការ​ជាមួយ​ជនបរទេស គួរ​ដាក់​ពាក្យ​ទៅ​ក្រសួង​ការបរទេស និង​ក្រសួងមហាផ្ទៃ ដែល​នឹង​មានការ​ស៊ើបអង្កេត​ដើម្បី​ធានា​ថា ពួក​គេ​មាន​សុវត្ថិភាព មិន​ចាញ់បោក​ការ​ជួញដូរ ។​

​លោកស្រី បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៩ មានការ​ស្នើ​សុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ចំនួន ២.៦៤១ គូ ប៉ុន្តែ​រដ្ឋាភិបាល​អនុញ្ញាត​ចំនួន ២.០១៦​គូ តែ​ប៉ុណ្ណោះ​។​

​លោកស្រី ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា​៖ «​អ៊ីចឹង​យើង​នៅ​ពិនិត្យ ហើយ​បើសិន​រក​ឃើញ​ថា មិន​ទំនង យើង​ចង់​និយាយ​ថា ដែល​គួរ​ឲ្យ​សង្ស័យ គឺ​យើង​មិន​បាន​អនុញ្ញាត​ទេ ហើយ​សុំ​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​បំពេញបែបបទ​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​» ។

សូមជម្រាបថា ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មិនទាន់មានការការ​អត្ថាធិប្បាយ ណាមួយនៅឡើយ​ទេ ពាក់ព័ន្ធករណីខាងលើនេះ ​៕