ខេត្តស្វាយរៀង៖ យោងពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០ ពីបទចាប់រំលោភបានសម្រេចចំនួន២ដងតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះដែលបានចោទប្រកាន់ថាជនសង្ស័យបានចាប់រំលោភស្ត្រីរងគ្រោះបានសម្រេចចំនួន២ដង។

ជនសង្ស័យឈ្មោះថោង ភ័ណ្ឌ អាយុ៤៦ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិពោធិ៍លាស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។

ចំណែកស្ត្រីរងគ្រោះ មានអាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

តាមពាក្យបណ្តឹងស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៨និង១៥នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ខ្លួនបានមកលេងម្ដាយនៅស្រុកកំណើតខាងលើ ។ លុះដល់ព្រឹកឡើងភ្លឺស្រាងៗព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០ ខ្លួនត្រូវបានជនសង្ស័យចាប់រំលោភរហូតបានសម្រេចចំនូនពីរដង នៅចំណុចវាលស្រែនៅខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០ម៉ែត្រប៉ុណ្ណោះ។

ក្រោយពីបានទទួលបណ្ដឹងខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍ក៏បានហៅជនសង្ស័យឲ្យមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចជនរងគ្រោះដាក់ពាក្យបណ្ដឹងប្រាកដមែន។
ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លូន ដើម្បីចាត់ការបន្តតាមច្បាប់៕