ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា ឲ្យរហស្សនាមថា ចោរដាច់យ៉ៃ ម្ង៉ៃៗលួចមិនរើសមុខ ប្រទះឃើញអីលួចហ្នឹង ត្រូវបានកម្លាំងនគរបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងវត្តសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ស្រ៊ុន ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តក្រចេះ។
មុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា មានមហាចោរលួចមិនរើសមុខ ប្រទះឃើញអីលួចហ្នឹង បានដើរលួចទ្រព្យសម្បត្តិអ្នកភូមិរាល់ថ្ងៃ ទោះរបស់មានតម្លៃ ឬតម្លៃក៏ដោយ ពោលគឺប្រទះឃើញអីលួចហ្នឹង សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង ។ ន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនចោរដាច់យ៉ៃ ម្ង៉ៃៗលួចមិនរើសមុខនោះ យកមកធ្វើការសាកសួរតែម្តង។

ជនសង្ស័យបានឆ្លើយដោយសុភាពរាសារថា ម្ង៉ៃៗ ខ្លួនពិតលួចមិនរើសមុខពិតប្រាកដមែន ពោលគឺប្រទះឃើញអី លួចហ្នឹង ហើយធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយៈពេល៦ឆ្នាំមកហើយ និងធ្លាប់សមត្ថកិច្ចឃាត់ខ្លួន៣ដង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕