ភ្នំពេញ ៖ បុរសជាអ្នកលក់កាសែត និងបុរសជាសន្តិសុខ ជាមិត្តភក្តិនិងគ្នា ផឹកស៊ីជាមួយគ្នារហូតស្រវឹង ក៏នាំគ្នាដេកលង់លក់ ។លុះដល់ពេលភ្ញាក់ឡើងដឹងខ្លួន ចោរលួចម៉ូតូយកទៅបាត់ ក៍នាំគ្នាជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក បែរជាមិនឃើញតែស្នាក់ការប៉ុស្តិ៍ សង្ស័យចោរមកលួចប៉ូលិស យកទៅបាត់អស់ ដូចចោរលួចម៉ូតូខ្លួនដែរ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២នេះ នៅចំណុចជាប់របងសណ្ឋាគារកុងទីណង់តាល់ តាមបណ្ដោយផ្លូវលេខ២០៥ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

ជនរងគ្រោះ ឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់កាសែតនៅផ្សារដើមគ មានស្រុកកំណើតនៅភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ បាត់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និងអត្តសញាណប័ណ្ណ ត្រូវចោរលួចយកទៅទាំងអស់។

បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកលេងមិត្តភក្តិធ្វើសន្តិសុខនៅកន្លែងកើតហេតុខាងលើ ហើយផឹកស្រាបៀរជុំគ្នាសប្បាយម្ដង ពេលផឹកចប់រួចរាល់ គាត់ក៏នាំគ្នាលើកម៉ូតូយកទៅដាក់នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម រួចនាំគ្នាដេកលង់លក់ទៅ។ លុះភ្ញាក់ឡើង ស្រាប់តែបាត់ម៉ូតូ ចោរលួចទៅបាត់ ពួកក៏ជិះម៉ូតូឌុបបំណងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ។ ពេលទៅដល់មុខប៉ុស្តិ៍ គាត់ស្រែកហៅប៉ូលិសខ្លាំងៗ អស់រយៈពេលកន្លះម៉ោង មិនឃើញប៉ូលិសនៅក្នុងប៉ុស្តិ៍សូម្បីតែម្នាក់ (សង្ស័យចោរមកលួចប៉ូលិស យកទៅបាត់អស់ ដូចចោរលួចម៉ូតូខ្លួនដែរ) គាត់ក៍ត្រឡប់មករកអ្នកសារព័ត៌មានឲ្យជួយជូនគាត់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ជាលើកទី២ ហើយបានស្រែកហៅមួយសន្ទុះ ក៍ឃើញលោកមេប៉ុស្តិ៍ស្លៀកខោខ្លី ចេញមកសួរនាំ រួចឱ្យគាត់ចូលក្នុងដាក់ពាក្យបណ្ដឹង ។ ប៉ុន្តែដោយឃើញភាពយីតយ៉ាវរបស់សមត្ថកិច្ចបែបនេះ រូបគាត់ហាក់ដូចជាមិនខុសពីសង្ឃឹមមេឃសង្ឃឹមផ្កាយនោះឡើយ។

ករណីនេះ មតិខ្លះលើកឡើងថា ជនរងគ្រោះផឹកស៊ីជាមួយមិត្តភក្តិធ្វើដល់សន្តិសុខ មិនចេះប្រុងប្រយ័ត្ននៅតែឲ្យចោរលួចយកម៉ូតូទៅបាត់ បែរជាមកដៀមដាមថា ឃើញភាពយីតយ៉ាវរបស់សមត្ថកិច្ចបែបនេះ រូបគាត់ហាក់ដូចជាមិនខុសពីសង្ឃឹមមេឃសង្ឃឹមផ្កាយ ទៅវិញ៕