រាជធានីភ្នំពេញ ៖ នារី២នាក់បងប្អូន ពេលចូលទៅងូតទឹកក្នុងបន្ទប់ទឹកខ្វះការប្រុងប្រយ័ត្ន នៅចំណុចបន្ទប់របស់ខ្លួន ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវជនកំហូចម្នាក់ យកទូរស័ព្ទទៅលួចថតវីដេអូរាងកាយរបស់ពួកនាងទុកមើល លុះនារីរងគ្រោះដឹងខ្លួន ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការចាប់ខ្លួនជនគម្រក់នោះ នាំមកចាត់ការតាមច្បាប់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង១៥នាទី នារីរងគ្រោះ២នាក់ ត្រូវជាបងប្អូនបាននាំគ្នាទៅងូតទឹកក្នុងបន្ទប់ទឹកផ្សេងគ្នា ។ ពេលកំពុងដោះសម្លៀកបំពាក់ងូតទឹក ស្រាប់តែជនសង្ស័យ ឈ្មោះ ឃុន ខេន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររបស់ឈ្មោះលី គឹមហុង ដែលកំពុងតែផឹកស៊ីជាមួយកម្មករដទៃទៀតនៅក្នុងដីឡូតិ៍ខាងលើ បានយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅ ធ្វើសកម្មភាពលួចថតវីដេអូ តាមប្រឡោះឥដ្ឋខ្យល់បន្ទប់ទឹក ថតសកម្មភាពរបស់នារីរងគ្រោះទាំង២នាក់ កំពុងតែងូតទឹក។

ប្រភពបន្តថា នៅពេលជនសង្ស័យកំពុងតែថតនារីរងគ្រោះ ក៏ត្រូវនារីរងគ្រោះឃើញ ហើយបានលូកដៃចាប់ទាញយកទូរស័ព្ទពីជនសង្ស័យតែចាប់មិនបាន ដោយសារដៃមានសាប៊ូរអិល រួចជនសង្ស័យក៏បានដកទូរស័ព្ទចេញ ហើយគេចខ្លួនមកកន្លែងផឹកស៊ីវិញ រួចជនរងគ្រោះក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ហើយបានមកសួរនាំក្រុមកម្មករដែលកំពុងផឹកស៊ីនៅក្នុងដីឡូតិ៍ខាងលើ តែពួកគេបានឆ្លើយបដិសេធន៍ថា មិនមានអ្នកណាដើរចេញពីវង់ផឹកស៊ីទេ។ ហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នារីរងគ្រោះទាំង២នាក់ បានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានពាក់បណ្តឹងរបស់នារីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុន ខេន រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកប៊ិចចាស់ ចំនួន០១គ្រឿង និងវីដេអូថតរូបនារីរងគ្រោះកំពុងងូតទឹកមួយចំនួន ត្រង់ចំណុចក្បែរសាលាសង្កាត់ដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕