ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ថា លោកកំពុង​សង្កត់ធ្ងន់​លើ​ការ​សម្រេច​គោលដៅ និង​បេសកកម្ម​ពង្រឹង​កិច្ច​ការពារ​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​សម្រាប់​ឆ្នាំ​២០២០ ខណៈ​ដែល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ។ នេះ​បើ​តាម​ប្រភព​ទីភ្នាក់ងារ ស៊ី​ន​ហួរ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ។

លោក ស៊ី ក៏​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បាន​ធ្វើការ​កត់សម្គាល់​នៅ​ពេល​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​ដោយ​លោក​បាន​ថ្លែង​សុន្ទរកថា ស្តី​ពី​ការ​បំពេញភារកិច្ច​ត្រួតពិនិត្យ​ការ​រាតត្បាត ពង្រឹង​ការ​បណ្តុះបណ្តាល ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​បង្កើន​ការ​ពង្រឹងសមត្ថភាព​លើ​វិស័យ​ការពារ​ជាតិ ។

លោក​ប្រធានាធិបតី​ចិន​បាន​និយាយ​ថា យោធា​ត្រូវ​គិត​អំពី​សេណា​រី​យ៉ូ​ដើម្បី​បង្កើន​ការ​បណ្តុះបណ្តាល និង​ការ​ត្រៀមប្រយុទ្ធ​ឱ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រង​ស្ថានភាព​ស្មុគស្មាញ និង​ការពារ​អធិបតេយ្យភាព​សន្តិសុខ និង​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ ។

លោក ស៊ី ជី​ន​ពីង បាន​ទាមទារ​ឱ្យ​មានការ​កែទម្រង់ និង​ការ​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​ស្ថានការណ៍ ឬ​បញ្ហា​ថ្មី​ៗ ដោយ​លោក​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ច្នៃប្រឌិត​វិទ្យាសាស្ត្រ​លើ​វិស័យ​ការពារ​ជាតិ និង​បណ្តុះបណ្តាល​បុគ្គលិក​យោធា​ដែល​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ ៕

ប្រភព ៖ Xinhua